សហគមន៍កសិកម្មចំនួនពីរមកពីខេត្តកណ្តាល និងកំពង់ស្ពឺបានដាក់សំណើទុនវិនិយោគបំពេញបន្ថែមលើអាជីវកម្មផលិតបន្លែសុវត្ថិភាព និងការចិញ្ចេមគោ

ចេញ​ផ្សាយ​ 21 Sep 2023
12959
សហគមន៍កសិកម្ម​កំពង់ប្រាសាទខេត្តកណ្តាល និងសហគមន៍កសិកម្មឃុំជាំសង្កែរុងរឿងខេត្តកំពង់ស្ពឺកំពុងជួបប្រទះកង្វះទុនវិនិយោគដើម្បីកែលម្អផលិតកម្មបន្លែសុវត្ថិភាព បច្ចេកទេសផលិតបន្លែនិងចិញ្ចឹមគោ ស្របតាមបទដ្ឋានបច្ចេកទេស ខ្វះការគ្រប់គ្រងជំងឺសត្វ និងសត្វចង្រៃលើបន្លែ និងខ្វះការអនុវត្តកសិកម្មល្អ ខ្វះហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារ ចំណេះដឹងនៅមានកម្រិតក្នុងការរៀបចំផែនការផលិតកម្មពាក់ព័ន្ធអាជីវកម្ម ផ្គត់ផ្គង់ធាតុចូលកសិកម្ម និងឥណទានកសិកម្ម ។
សហគមន៍កសិកម្មឃុំជាំរុងរឿង មានបំណងពង្រីកខ្សែច្រវ៉ាក់ផលិតកម្មចិញ្ចឹមគោក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូល តាមរយៈការកែលម្អបច្ចេកទេសចិញ្ចឹមគោយកសាច់ ការរៀបចំផែនការវិនិយោគ និងការត្រួតពិនិត្យគុណភាពសាច់គោនៅតាមទីផ្សារដោយត្រូវចំណាយពេល៣ឆ្នាំ។
ជាមួយគ្នានេះដែរ សហគមន៍កសិកម្មកំពង់ប្រាសាទ ក៏មានបំណងពង្រីកអាជីវកម្មផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងសេវាកម្មទីផ្សារ តាមរយៈការកែលម្អបច្ចេកទេសផលិតកម្មបន្លែសុវត្ថិភាព ការពង្រីកអាជីវកម្ម ការអនុវត្តផែនការខ្សែច្រវ៉ាក់ផលិតកម្មពេញ១ឆ្នាំ និងការគ្រប់គ្រងគុណភាពសុវត្ថិភាពបន្លែតាមតម្រូវការទីផ្សារ។
សហគមន៍កសិកម្មទាំងពីរខាងលើ បានដាក់សំណើមកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដើម្បីគាំទ្រដល់ដំណើការអនុវត្តខ្សែរចង្វាក់ផលិតកម្មខាងលើ។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ នៅថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគបានចុះជួបសហគមន៍កសិកម្មទាំងពីរ ដើម្បីប្រមូលធាតុចូលបន្ថែម និងបញ្ជាក់អំពីប្រភពថវិកាបដិភាគរបស់សហគមន៍ចូលរួមជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តផែនការពិពិធកម្ម និងធុរកិច្ចមុនពេលគណៈកម្មការវាយតម្លៃវិនិយោគ។