ក្រុមការងារគាំពារបរិស្ថាន និងសង្គម បានចុះរៀបចំក្រមប្រតិបត្តិបរិស្ថាន និងសង្គម (ESCoP) នៅសហគមន៍កសិកម្មម្រេចសរីរាង្គ ក្នុងខេត្តមណ្ឌលគិរី ក្រោមសំណើគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 21 Sep 2023
12918
នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារគាំពារបិរស្ថាន និងសង្គមនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានចុះប្រមូលព័ត៌មានស្តីពីខ្សែចង្វាក់ផលិតកម្មម្រេចសរីរាង្គ នៅសហគមន៍កសិកម្មម្រេចសរីរាង្គ ភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីរៀបចំក្រមប្រតិបត្តិបរិស្ថាន និងសង្គម។
អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សារួមមាន ប្រធាន និងសមាជិកសហគមន៍កសិកម្ម អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធលើសំណើផែនការពិពិធកម្មពង្រីកទីផ្សារម្រេចសរីរាង្គស្ងួត និងប្រព័ន្ធស្រោចស្រព។ ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារបានចុះពិនិត្យផ្ទាល់ដល់ទីតាំងពង្រីកដំណាំម្រេច និងស្តារស្រះទឹកចំនួន៧កន្លែង។
នៅក្នុងរបាយការណ៍សហគមន៍ម្រេចសរីរាង្គបានឱ្យដឹងថា សហគមន៍មានសមាជិកសរុបចំនួន២១គ្រួសារ មានផ្ទៃដីកម្មសិទ្ធិផ្ទាល់ខ្លួនសរុបចំនួន៦៨,៥ ហិចតា និងផ្ទែដីកំពង់ដាំដុះម្រេចសរីរាង្គចំនួន៥៥ ហិចតា។ ក្រុមការងារគាំពារបរិស្ថាន និងសង្គម បានរកឃើញថា សហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគិរី មានទីតាំងផលិតកម្មប្រកបដោយសក្តានុពល មិនមានផលប៉ះពាល់ដោយគ្រាប់មីុនមិនទាន់ផ្ទុះ មិនស្ថិតនៅក្នុងតំបន់ការពារ ឬតំបន់បេតិកភ័ណ្ឌវប្បធម៌ ការបំពុលដោយប្រភពទឹក ដែលអនុញ្ញាតិឱ្យក្រុមការងារអាចរៀបចំក្រមប្រតិបត្តិបរិស្ថាន និងសង្គម (ESCoP) និង ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋលើអនុគម្រោងស្តារស្រះទឹកស្របតាមគោលការណ៍ក្របខ័ណ្ឌគ្រប់គ្រងបរិស្ថាន និងសង្គម (ESMF) នៃគម្រោងពិពិធកម្មកសិកម្មវិស័យកសិកម្មនៅកម្ពុជា (CASDP)។
នៅឆ្នាំ២០២២ សហគមន៍បានសម្របសម្រួលលក់ម្រេចសរីរាង្គទៅឲ្យក្រុមហ៊ុន សីុកនេតឈ័រ អហ្វ អេស៊ា (Signatures of Asia) ចំនួន១០០ តោន ដែលជាចំនួនកំណត់ដោយកូតារបស់សមាគមន៍នាំចេញម្រេចមិនមែនស្តង់ដារសរីរាង្គ។ ដើម្បីពង្រីកកសិធុរកិច្ចម្រេចសរីរាង្គតាមលក្ខណៈស្តង់ដារទីផ្សារអន្តរជាតិ សហគមន៍កសិកម្មម្រេចសរីរាង្គ មណ្ឌលគិរី បានធ្វើសំណើសុំសាងសង់ឃ្លាំង ទិញឡសម្ងួត សង់រោងឡសម្ងួត និងការគាំទ្របច្ចេកទេស មកកាន់គម្រោងពិពិធកម្ម កសិកម្មកម្ពុជា សំដៅធានាបានទាំងបរិមាណ និងគុណភាព ឆ្លើយតបតម្រូវការទីផ្សារជាតិ និងអន្តរជាតិ។