ការកែលម្អការអនុវត្តគ្រប់គ្រងដី ដោយប្រើប្រាស់បច្ចេកទេសរៀបចំដី និងទឹក និងការកែលម្អធាតុចូលកសិកម្ម អាចធ្វើឲ្យផលិតកម្មកសិកម្មបានប្រសើរឡើង។ កង្វះធាតុចូលកសិកម្មដូចជា (ម៉ាស៊ីនគោយន្ត ត្រាក់ទ័រ) នៅតែជាបញ្ហាប្រឈមនៅឡើយសម្រាប់ការអនុវត្តខ្សែសង្វាក់តម្លៃផលិតកម្មដំឡូងមី។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយធនាគារពិភពលោក តាមរយៈគម្រោង CASDP បានផ្តល់ ហិរញ្ញប្បទានបំពេញបន្ថែមទុនវិនិយោគចំនួន ៤០% ដល់សហគមន៍កសិកម្មលើកកម្ពស់កសិករ ខេត្តព្រះវិហារ។ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៣ នៅការិយាល័យសហគមន៍កសិកម្មលើកកម្ពស់កសិករ សមាជិកសហគមន៍បានទទួលគោយន្តចំនួន១៤ គ្រឿងពីគម្រោង CASDP ដើម្បីបំពេញតម្រូវការក្នុងសកម្មភាពផលិតកម្មរបស់ពួកគាត់។
សម្រាប់ជំហានទី១នេះសហគមន៍កសិកម្មលើកកម្ពស់កសិករ បានរៀបចំប្រគល់ទទួលនូវគោយន្តចំនួន ១៤គ្រឿងក្បាលម៉ាស៊ីនគូប៊ូតាចំនួន០១គ្រឿង ពីក្រុមហ៊ុនគូប៊ូតា សាខាខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ជូនសមាជិកសហគមន៍ ចំនូន ១៥គ្រួសារ ដែលបានស្នើឡើង ។ តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញណែនាំពីរបៀបប្រើប្រាស់ ការថែទាំ ការជួសជុលដល់សមាជិកសហគមន៍ដែលទទួលបាននាពេលនេះផងដែរ ។ លោក ប៉ែន ជឹង អភិបាលស្រុកគូលែន បានផ្តាំផ្ញើរដល់សមាជិកសហគមន៍ដែលទទួលបាននូវគោយន្តគូប៊ូតានាថ្ងៃនេះ សូមប្រើប្រាស់ទៅលើវត្ថុបំណងដែលបានស្នើដូចការលើកឡើងក្នុងសំណើពិពិធកម្មកសិកម្មដែលបានដាក់ជូនគម្រោង ។ បន្ទាប់មកលោកប្រធានមន្ទីរនិងលោកអភិបាលស្រុកបានចែកគោយន្តជូនសមាជិកទាំងអស់ដើម្បីយកទៅ ប្រើប្រាស់ដោយក្តីអំណរសាទរ។