ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំបើកសំណើដេញថ្លៃជួសជុលផ្លូវប្រវែង៤៥គីឡូម៉ែត្រសម្រាប់សហគមន៍ចំនួន៧ មកពីខេត្តព្រះវិហារ ស្ទឹងត្រែង និងកំពង់

ចេញ​ផ្សាយ​ 04 Sep 2023
12303

ជាការចាំបាច់ត្រូវភ្ជាប់កសិករជាមួយទីផ្សារ និងហាងលក់ទំនិញនានា ដែលជាធម្មតានៅតាមទីក្រុងមានអ្នកប្រើប្រាស់មានជីវភាពធូធារ - តែបញ្ហានៅចំពោះមុខនោះគឺមិនមានផ្លូវល្អ ដែលចាត់ទុកថាឧបសគ្គមួយសំខាន់សម្រាប់កសិករដែលមានបំណងដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារទាំងនោះ។

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម សាន វិសាន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង CASDP-MRD បានដឹកនាំកិច្ចប្រជុំបើកឯកសារដេញថ្លៃសម្រាប់កែលម្អផ្លូវជនបទប្រវែង ៤៥ គីឡូម៉ែត្រ ដើម្បីបម្រើឱ្យការដឹកជញ្ជូនកសិផលរបស់កសិករទៅកាន់ទីផ្សារ។

ដំណើរការដេញថ្លៃនេះបានអនុវត្តឡើងសម្រាប់សហគមន៍កសិកម្មចំនួនប្រាំពីរ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក។ សហគមន៍កសិកម្មទាំងនោះរួមមាន សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា និងសហគមន៍កសិកម្មតាសីសាមគ្គីមកពីខេត្តបាត់ដំបង សហគមន៍អញ្ជេញរូងសម័យថ្មីមកពីខេត្តកំពង់ឆ្នាំង សហគមន៍កសិកម្មរមទមរុងរឿងមកពីខេត្តព្រះវិហារ សហគមន៍អុំឃួងរុងរឿង និងសហគមន៍ព្រះរំកិលមកពីខេត្តស្ទឹងត្រែង។

នៅពេលផ្លូវនេះត្រូវបានបញ្ចប់រួចរាល់ហើយ វានឹងជួយរុញសេវាសំខាន់ៗឱ្យដល់គៀកសហគមន៍ជនបទដាច់ស្រយាល និងជំរុញកំណើនសេដ្ឋកិច្ចសហគមន៍ តាមរយៈការផ្តល់ឱ្យកសិករនូវលទ្ធភាពទទួលបានទីផ្សារកាន់តែប្រសើរជាងមុន។ ផ្លូវដែលនឹងតភ្ជាប់ទៅកាន់ផ្លូវធំៗនេះដែរក៏នឹងជួយឱ្យកសិករទទួលបានធនធានបន្ថែម និងបង្កើនសមត្ថភាពបន្សាំ សំដៅរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។