កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើរកែប្រែផែនការពិពិធកម្ម និងផែនការធុរកកិច្ច ដែលបានស្នើឡើងដោយសហគមន៍ទាំងបីខាងលើ

ចេញ​ផ្សាយ​ 29 Aug 2023
11891

កាលពីថ្ងៃ២៤ ដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដឹក​នាំ​ដោយ​លោក បណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង បានជួប​ពិភាក្សាជា​មួយ​​សហគមន៍​ចំនួន៣រួមមាន៖ សហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី និងសហគមន៍​ក្រាំង​លាវ នៅខេត្ត​កំពង់​ឆ្នាំង និងសហគមន៍កសិកម្មក្រាំងសេរី ខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំមានគោលបំណងពិនិត្យ និងពិភាក្សាលើសំណើរកែប្រែផែនការពិពិធកម្ម និងផែនការធុរកកិច្ច ដែលបានស្នើឡើងដោយសហគមន៍ទាំងបីខាងលើ។​ ក្នុងនោះសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី​បានស្នើសុំ​កែប្រែ​​ផែនការចញ្ចឹមមាន់ ចំណែកឯសហគមន៍កសិកម្មក្រាំងលាវបានស្នើសុំកែប្រែផែនការចិញ្ចឹមមាន់ និង​ស្វាយ​ចន្ទី និងសហគមន៍កសិកម្មក្រាំងសេរី ខេត្តកំពង់ស្ពឺបានស្នើសុំកែប្រែផែនការចិញ្ចឹមមាន់។

ក្នុងកិច្ចពិភាក្សាខាងលើក្រុមការងារបានសិក្សាស្វែងយល់បន្ថែម​ពីការលំបាកមួយចំនួន ដែលសហគមន៍​កសិកម្មកំពង់ជួបប្រទះដោយសារកត្តាមួយចំនួនដូចជា វិបត្តិសេដ្ចកិច្ចសកល សហគមន៍កំពង់ស្ថិតនៅក្នុង​រដូវកាល​ដាំដុះ​ដែលបានប៉ះពាល់ដល់ហិរញ្ញវត្ថុបដិភាគផ្ទាល់ខ្លួន និងការធ្វើចំណាក់ស្រុករបស់សមាជិកសហគមន៍​ដែលបាន​ធ្វើឱ្យ​បាត់បង់​​ផលិត​ភាពខ្សែចង្វាក់ផលិតកម្ម។ ឆ្លើយតបទៅនឹងបញ្ហាខាងលើ ក្រុមការងារបានលើកឡើងពីគំនិត​ផ្តួច​ផ្តើម​​នានា ពាក់ព័ន្ធការអភិវឌ្ឍន៍ផែនការអាជីវកម្ម ការបង្កើតគំនិត និងការចាប់យកឱកាស រួមទាំងការវាយតម្លៃលើការបណ្តាក់ទុន និងការបង្កើតទុនវិនិយោគ ដែលចូលរួមដោយសមាជិកនីមួយៗ សំដៅតម្កល់ផលប្រយោជន៍​សេដ្ឋកិច្ច​​ដល់​សហគមន៍​​ទាំងមូល។ ក្រុមការងារបានសន្យានឹងយករាល់សំណើរ ដែលបានលើកឡើង​ក្នុងកិច្ច​ពិភាក្សា​​នេះ​ទៅ​ពិចារ​ណារ និងផ្តល់យោបល់ត្រលប់វិញក្នុងពេលឆាប់ៗនេះ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរយៈពេល៣ថ្ងៃនេះរួមមាន តំណាងមន្ទីរកសិកម្មខេត្ត កំពង់​ឆ្នាំង និងខេត្ត​កំពង់ស្ពឺ តំណាងក្រុមការងារធនាគារពិភពលោកទាំងនៅក្នុងស្រុក និងតាមអនឡាញ​មកពី​សហរដ្ឋ​អាមេរិក តំណាង​អន្តរក្រសួង (IAs) និងសមាជិកសហគមន៍​កសិកម្មខេត្តទាំងពីរខាងលើ។