មុខរបរដាំបន្លែក្នុងផ្ទះសំណាញ់ បានជួយឱ្យកូនអ្នកស្រីឡាយ សេងហឿនបានចូលរៀននៅសាលាពេទ្យ

ចេញ​ផ្សាយ​ 29 Aug 2023
11845

អ្នកស្រី ឡាយ សេងហឿន ជាកសិករនៅជនបទ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាកន្លែងដែលអ្នកស្រី និងស្វាមីធ្លាប់ដាំពោត ដំឡូងមី និងបន្លែផ្លែឈើផ្សេងៗ។ គ្រួសាររបស់អ្នកស្រីចេះរកស៊ីក្នុងរបរកសិកម្មបន្តិចបន្តួច និងអាចរកប្រាក់ចំណូលជាមធ្យម ដែលបានមកពីការលក់ផលិតផលកសិកម្មមួយចំនួនដល់សហគមន៍របស់អ្នកស្រី។

តែដោយសារការបម្រែបម្រួលអាកាសធាតុ និងការធ្លាក់ចុះទិន្នផលកសិកម្មបានធ្វើឱ្យមុខរបររបស់អ្នកស្រីជួបការលំបាក។ ទោះជាយ៉ាងនេះក្តី ដោយសារមានការគាំទ្រពីគម្រោង CASDP របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សហការជាមួយធនាគារពិភពលោក បានធ្វើឱ្យសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា និងកសិដ្ឋានរបស់លោកស្រី ឡាយ សេងហឿន បានឈរយ៉ាងរឹងមាំក្នុងមុខរបរ។ គម្រោងបានផ្តល់ហិរញ្ញប្បទានឥតសំណង៤០% ដើម្បីជីកស្រះទឹក និងផ្ទះសំណាញ់ ដើម្បីបានប្រព័ន្ធស្រោចស្រព ការសិក្សាបន្ថែមពីបច្ចេកទេសរក្សាដីឱ្យមានជីជាតិសម្រាប់ដាំបន្លែផ្សេងៗ នៅក្នុងផ្ទះសំណាញ់ចំនួន១២ខ្នង ដែលគម្រោងបានផ្តល់។ ឥឡូវនេះអ្នកស្រីអាចប្រមូលផលបានច្រើនជាង ៧២,០០០ គីឡូក្រាមក្នុងមួយខែ ដែលជាដំណាំវិលជុំ។

ការដាំដុះដំណាំ និងបន្លែវិលជុំ ជាដំណោះស្រាយដ៏ល្អមួយ ដើម្បីបញ្ជៀសការកកស្ទះនៅតាមទីផ្សារ និងទទួលបានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់អ្នកស្រីផងដែរ។ ជាមួយនឹងប្រាក់ចំណូលពីការលក់បន្លែ អ្នកស្រីអាចមានលទ្ធភាពផ្គត់ផ្គង់គ្រួសារ និងសម្រាប់ការសិក្សារបស់កូនអ្នស្រី ដែលនាងកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។