ការធ្វើឱ្យមានតុល្យភាពរវាងនិរន្តរភាពផលិតកម្មកសិកម្ម ជាមួយនឹងគោលដៅគាំពារបរិស្ថាន សង្គម វប្បធម៌ និងសហគមន៍បានក្លាយជាបញ្ហាអាទិភាពនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៅតាមខេត្តគោលដៅ។ ថ្ងៃទី 0៣ ខែសីហា ឆ្នាំ២០២៣ នៅសហគមន៍លើកកម្ពស់កសិករ (AC) ក្នុងភូមិព្រៃស្មាច់ ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ និងសហគមន៍កំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ក្រុមការងារគាំពារបរិស្ថាន និងសង្គមនៃគម្រោង CASDP បានចុះត្រួតពិនិត្យស្ថានភាពគាំពារបរិស្ថាន និងសង្គម និងបានពិគ្រោះយោបល់ជាមួយសហគមន៍កសិកម្ម លើគម្រោងមួយចំនួនក្នុងសហគមន៍ដូចជាការស្តារផ្លូវកសិកម្ម ការជីកស្រះទឹក និងអណ្តូងទឹកក្រោមដី ដោយបានពិភាក្សា និងដោះស្រាយបញ្ហាដែលអាចកើតមានឡើងជាយថាហេតុ ដូចជាជម្លោះ សិទ្ធិជនជាតិដើមភាគតិច និងផលប៉ះពាល់នៃការអភិវឌ្ឍន៍។