កិច្ចពិភាក្សាវឌ្ឍនភាព និងលទ្ធផលសម្រេចបានក្រោមគម្រោង CASDP

ចេញ​ផ្សាយ​ 29 Aug 2023
7214

កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ នៅក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពគម្រោង សហការី និងភ្នាក់ងារអនុវត្តអញ្ជើញមកពីអន្តរក្រសួង (AIs) មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពិភាក្សាវឌ្ឍនភាពសំខាន់ៗរបស់គម្រោង CASDP និងសមិទ្ធិផលនានាឱ្យប្រសើរជាងនេះ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកបណ្ឌិត សរ ចិត្រា អគ្គនាយករងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CASDP ដែលបានរៀបចំឡើងនៅការិយាល័យក្រសួង (MAFF)។

កិច្ចប្រជុំបានផ្តោតលើស្ថានភាពកិច្ចលទ្ធកម្ម ហិរញ្ញវត្ថុ កិច្ចគាំពារបរិស្ថាន និងសង្គម និងការងារគាំទ្រសកម្មភាពរបស់សហគមន៍កសិកម្មទាំង១៨ ដែលបានចុះហត្ថលេខារួច។ កិច្ចប្រជុំបានស្តាប់របាយការណ៍សង្ខេបឆ្លុះបញ្ចាំងពីវឌ្ឍនភាពតាមផ្នែកនីមួយៗ ឆ្ពោះទៅរកការសម្រេចបានគោលដៅរបស់គម្រោង។ សមិទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃដំណោះស្រាយតាមវិស័យ និងការប្តេជ្ញាចិត្តរបស់អ្នកពាក់ព័ន្ធទាំងអស់ក្នុងការកសាងសហគមន៍កសិកម្មមួយរឹងមាំជាងនេះ សម្រាប់ខេត្តគោលដៅទាំង១៣ ដែលបានជ្រើសរើស។