សំណើរគម្រោងរបស់ “សហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគីរី” មកពីខេត្តមណ្ឌលគីរី ទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមចំនួន៤០% ដើម្បី “ពង្រីកទីផ្សារម្រេចសរីរាង្គស្ងួត”

ចេញ​ផ្សាយ​ 13 Jun 2023
5522
ថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ជស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំ “គណៈកម្មការប្រឹក្សាយោបល់និងអនុម័ត” ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃសំណើពិពិធកម្ម និងកសិធុរកិច្ចសហគមន៍កសិកម្ម និងអនុម័តលើរបាយការណ៍វាយតម្លៃសំណើពិពិធកម្ម និងធុរកិច្ចសហគមន៍កសិកម្មម្រេច សរីរាង្គមណ្ឌលគីរី។
កិច្ចប្រជុំនេះបានដំណើរការតាមរយៈប្រព័ន្ធ Zoom ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការនៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត រួមមានសមាសភាពតំណាងមកពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជនមានជាអាទិ៍៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
“សហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគីរី” មានទីតាំងស្ថិតនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមចំនួន៤០% នៃសំណើទុនវិនិយោគលើផែនការពិពិធកម្មដើម្បី “ពង្រីកទីផ្សារម្រេចសរីរាង្គស្ងួត” ដោយគ្រាន់តែកែសម្រួលព័ត៌មានបន្ថែមមួយចំនួនដើម្បីធ្វើឱ្យផែនការពិពិធកម្ម និងធុរកិច្ចមានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ គម្រោងបានគាំទ្រជួសជុលផ្លូវកសិកម្មប្រវែង២,៧០គីឡូម៉ែត្រ ដែលតម្លៃប៉ានស្មានប្រមាណ ៨៧៣ ៦០០ដុល្លាអាមេរិក។
គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នេះ មានសហគមន៍កសិកម្ម ចំនួន៣៣ បានទទួលការឯកភាពពីគម្រោង សម្រាប់ការផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមចំនួនថវិកា ៤០% នៃសំណើទុនវិនិយោគមួយៗ លើផែនការពិពិធកម្ម។