ក្រុមការងារអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MEF-PIU/CASDP) បានរៀបចំកិច្ចប្រជុំចាប់ផ្តើមគម្រោងបណ្តុះបណ្តាលដល់ គ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមអនុវត្តគម្រោង រួមមាន៖ AMK, Cambodia Post Bank និង ចំរើនមីក្រូហិរញ្ញវត្ថុ

ចេញ​ផ្សាយ​ 13 Jun 2023
4929

ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MEF-PIU/CASDP) បានរៀបចំកិច្ចប្រជុំចាប់ផ្តើមគម្រោងបណ្តុះបណ្តាលដល់ គ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមអនុវត្តគម្រោង រួមមាន៖ AMK, Cambodia Post Bank និង ចំរើនមីក្រូហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះដឹកនាំដោយលោក ឡៅ ប៉ូលីវេត ប្រធាននាយកដ្ឋានវិស័យសេដ្ឋកិច្ចថ្មី នៃអគនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា MEF-PIU/CASDP និងមានការចូលរួមពីក្រុមហ៊ុនផ្តល់សេវាបណ្តុះបណ្តាលចំនួនពីរ គឺ វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលេដា (AIB) និង Frankfurt School of Finance and Management។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីកំណត់អំពី តួនាទី, ការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការបណ្តុះបណ្តាលដល់គ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមអនុវត្តគម្រោង ។ គម្រោងបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពដល់ស្ថាប័នហិរញ្ញវត្ថុឯកជនក្នុងការផ្តល់ឥណទានប្រកបដោយប្រសិទ្ធភាព លើខ្សែច្រវាក់តម្លៃកសិកម្ម និងជំរុញឱ្យកសិករ សហគមន៍កសិកម្ម កសិធុរកិច្ចខ្នាតតូចនិងមធ្យមមានលទ្ធភាពទទួលបានឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីអនុវត្តផែនការកសិធុរកិច្ចរបស់ខ្លួន។