ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចែកកូនស្វាយចន្ទី និងពូជស្រូវផ្ការំដួលដល់សហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ នៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ

ចេញ​ផ្សាយ​ 25 May 2023
4839
នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញសំណេះសំណាល និងចែកពូជស្វាយចន្ទី និងពូជស្រូវផ្ការំដួល ក្រោមគម្រោងពិពិធកម្ម កសិកម្មកម្ពុជា (CASDP) ដល់សហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ នៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
ក្នុងទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនសមាជិកសហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ ពីសក្តានុពលនៃការធ្វើកសិកម្មសរីរាង្គ ដែលជាខេត្តគោលដៅផលិតស្រូវសរីរាង្គ ដែលមានតម្លៃទីផ្សារខ្ពស់ និងមានទីផ្សារប្រកួតប្រជែងល្អ។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងនឹងជួយសហគមន៍កសិកម្មលើការងារទីផ្សារឱ្យកាន់តែប្រសើរតាមរយៈការពង្រឹងការធ្វើកសិកម្មតាមកិច្ចសន្យា និងការផ្តល់បច្ចេកទេសកសិកម្ម។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ធ្វើផែនការច្បាស់លាស់ក្នុងការចិញ្ចឹម និងដាំដុះ ដើម្បីធានាការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ដោយធ្វើយ៉ាងណាចំណាយតិច ចំណេញច្រើន។ មួយវិញទៀត គម្រោងគួរលើកផែនការ និងថវិកា ផ្អែកលើតម្រូវការរបស់កសិករ និងខេត្ត ដើម្បីឱ្យការរៀបចំអនុវត្តត្រូវតាមគោលការណ៍។ ទន្ទឹមនឹងនេះ ក៏ត្រូវពិនិត្យលទ្ធភាពគ្រប់គ្រង និងប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាពសម្រាប់វិស័យកសិកម្ម។
បន្ថែមលើនេះទៀត គឺការរៀបចំសហគមន៍កសិកម្ម ដែលមានការគ្រប់គ្រង និងកំណត់ទីផ្សារច្បាស់លាស់ជូនកសិករ ហើយសម្រាប់ខេត្តនេះមានឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ដើម្បីជួយបងប្អូនលើការងារបច្ចេកទេស និងបញ្ហាផ្សេងៗ សំដៅធ្វើយ៉ាងណាកែទម្រង់ដើម្បីឱ្យកសិកម្មមានប្រសិទ្ធភាព៕