លោកបណ្ឌិត សរ ចិត្រា បានដឹកនាំក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា ចុះជួបសហគមន៍កសិកម្មតំបន់៣

ចេញ​ផ្សាយ​ 18 May 2023
10159
ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានដឹកនាំក្រុមការងារគម្រោង CASDP ចុះត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងរបស់សហគមន៍ចំនួន៣រួមាន សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម (អំពីធុរកិច្ចផលិតកម្មខ្ទឹមស្លឹក) សហគមន៍កសិកម្មក្រាំងលាវសាមគ្គី (ធុរកិច្ចអំពី ផលិតកម្មមាន់ស្រុក និងស្វាយចន្ទី) និងសហគមន៍កសិកម្មខាមស៊ីដសង្វាពេជ្រ (ផ្គត់ផ្គង់ពូជស្រូវ)។ បេសកកម្មបានប្រព្រឹត្តិទៅក្រោមកិច្ចសម្របសម្រួលរបស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ និងទីប្រឹក្សានៃអង្គការសកម្មភាពដើម្បីស្រាវជ្រាវ និងអភិវឌ្ឍន៍(ARD) ជាអ្នកផ្តល់សេវាកម្មបច្ចេកទេសនៅតំបន់៣។
បេសកកម្មមានគោលបំណងស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ និងផែនការអនុវត្តបន្តរបស់សហគមន៍ទាំង៣ខាងលើ។
ក្នុងពេលជួបជាមួយសមាជិកសហគមន៍ ក្រុមការងារបានពិភាក្សាផ្តោតលើការកែសម្រួលផែនការធុរកិច្ច និងពិពិធកម្ម និងនិតិវិធីក្នុងការពន្លឿនកិច្ចលទ្ធកម្ម មានការវាយតម្លៃនិងអនុមត្តិជាដើម ដោយធានាឱ្យការបង្ករបង្កើនផលអាចសម្រេចបានទាន់រដូវកាល និងតម្រូវការទីផ្សារ។
ជាមួយគ្នានេះដែរ ក្នុងពេលជួបជាមួយសហគមន៍កសិកម្មខាមស៊ីដសង្វាពេជ្រ គណៈប្រតិភូបានសិក្សាស្វែងយល់ពីស្ថានភាពបច្ចុប្បន្នរបស់សហគមន៍ និងតម្រូវការរបស់សហគមន៍ក្នុងការពង្រីកផលិតកម្មស្រូវពូជ្រ។ តម្រូវការទាំងនោះរួមមាន (១) សាងសង់ឃ្លាំងស្តុកដែលអាចផ្ទុកស្រូវពូជ និងស្រូវចំណីបានយ៉ាងហោច៨០០តោន (២) ឡសម្ងួតស្រូវ ដែឡមានសមត្ថភាពសម្ងួតស្រូវបានចំនួន២០តោ/ដង (៣) ទិញម៉ាស៊ីនស្ទូងស្រូវដែលមានមុខ៦ទៅ៨ជួរ និងឧបករណ៍ និងសម្ភារៈសំខាន់ៗ និង(៤)ទុនបង្វិលចំនួន៦០.០០០ដុល្លារអាមេរិកបន្ថែមទៀតដើម្បីដំណើរការអាជីវកម្មនេះឲ្យបានជោគជ័យ។
ដើម្បីដោះស្រាយបញ្ហាខាងលើ លោកបណ្ឌិត សរ ចិត្រា បានស្នើឱ្យតំណាងសហគមន៍ធ្វើការជាមួយ ARD ពិនិត្យលទ្ធភាពរៀបចំសំណើរផែនការធុរកិច្ចលើការពង្រីកផលិតកម្មស្រូវពូជ ស្របតាមផែនការរបស់សហគមន៍ដែលមានបំណងផ្គត់ផ្គង់ឱ្យបានពី២៨០តោន ទៅ៥០០តោនក្នុង១ឆ្នាំ និងផ្គត់ផ្គង់ស្រូវចំណីឲ្យបាន១០០០តោនក្នុង១ឆ្នាំ។