នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ក្នុងនាម លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង និងជានាយកគម្រោង CASDP, លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោង CASDP បានដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលលក្ខន្តិកការងាររបស់អ្នកផ្តល់សេវា (TSP) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF), អញ្ជើញចូលរួមក្នុងអង្គប្រជុំមានតំណាងមកពីក្រុមហ៊ុនអ្នកផ្តល់សេវា និងក្រុមការងារផ្តល់សេវាមកពីតំបន់១ តំបន់២ និងតំបន់៣ (Con1, Con2, & Con3) និង ក្រុមការងារគ្រប់គ្រងគម្រោង និងទីប្រឹក្សាគម្រោង CASDP ។
កិច្ចប្រជុំមានគោលបំណងពិនិត្យ និងកែសម្រួលលក្ខន្តិកការងារគាំទ្រសហគមន៍កសិកម្មក្នុងការធ្វើែផនការពិពិធកម្ម និងធុរកិច្ចដើម្បីរៀបចំសំណើទុនវិនិយោគបំពេញបន្ថែម៤០% ដោយផ្អែកលើតម្រូវការជាក់ស្តែងក្នុងការកែលម្អក្របខណ្ឌការងារឈានទៅសម្រេចបានគោលដៅកំណើនសូចនាករកសិធុរកិច្ច និងប្រាក់ចំណូលរបស់សហគមន៍កសិកម្ម។
ក្នុងកិច្ចប្រជុំនោះដែរ ក្រុមការងារគម្រោងបានពិនិត្យឡើងវិញនូវលក្ខន្តិកការងារ (ToR) សម្រាប់ TSP ដោយ ពិភាក្សាផ្នែកសំខាន់ៗដែលត្រូវកែលម្អ និងបានបន្ថែមធាតុចូលមួយចំនួនទៅក្នុង ToR ដែលមានស្រាប់ ហើយពិនិត្យមើលឡើងវិញនូវលទ្ធផលសម្រេចបានក្នុងការអភិវឌ្ឍន៍ផែនការពិពិធកម្ម និងធុរកិច្ច (DPL/BPL) ពិភាក្សាពីតម្រូវការទីផ្សារសម្រាប់ផលិតកម្មកសិកម្ម និងផ្នែកដ៏ទៃទៀត។ អង្គប្រជុំ TSP ក៏បានពិភាក្សាអំពីយុទ្ធសាស្រ្តរៀបចំអភិវឌ្ឍន៍ DPL និង BPL សំដៅសម្រេចបាននូវគោលដៅគម្រោង វិធីសាស្រ្តនានាគាំទ្រដល់ AC ផ្អែកលើតម្រូវការជាក់ស្តែងក្នុងការធ្វើផែនការអាជីវកម្មខ្នាតតូច ដោយប្រើប្រាស់ទម្រង់ណែនាំដោយគម្រោង CASDP ដើម្បីទទួលបានជំនួយបំពេញបន្ថែមទុនវិនិយោគ ៤០% ។