សហគមន៍កសិកម្មភ្នំពេជ្របុរី នៅខេត្តព្រះវិហារ បានចុះហត្ថលេខាទទួលហិរញ្ញប្បទានឥតសំណង៤០% ផ្តល់ដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 18 Apr 2023
10509

ខេត្តព្រះវិហារ៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ សហគមន៍កសិកម្មពេជ្របុរី មកពីស្រុកគូលែន ខេត្តព្រះវិហារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន៤០% ជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) នូវហិរញ្ញប្បទានឥតសំណង៤០% ) ដើម្បីធ្វើជាទុនបង្វិលទិញ-លក់ដំឡូងមីស្រស់ និងស្ងួតពីសមាជិកជាផលិករ។ លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងលោក ស្រ៊ុន បូរិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោក ឆែម អួត ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មភ្នំពេជ្របុរី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានាឱកាសនោះ។ ពិធីចុះហត្ថលេខាខាងលើបានរៀបចំឡើងនៅសហគមន៍កសិកម្មលើកកម្ពស់កសិករខេត្តព្រះវិហារ។ លោក ឆែម អួត តំណាងសហគមន៍កសិកម្មភ្នំពេជ្របុរីបានឱ្យដឹងថា កិច្ចព្រមព្រៀងនៅថ្ងៃនេះអាចជួយដោះស្រាយបញ្ហាមួយចំនួន ដែលសហគមន៍កំពុងជួបប្រទះដូចជាខ្វះឃ្លាំងស្តុកដំឡូងមីស្ងួត ផ្លូវដឹកជញ្ជូនផលកសិកម្ម ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ទុនបង្វិលទិញសម្រាប់លក់ដំឡូងមី ជួយធានាតំលៃទីផ្សារដំឡូងមី។ តាមផែនការ សហគមន៍កសិកម្មភ្នំពេជ្របុរី គ្រោងអនុវត្តផែនការអាជីវកម្មរបស់ខ្លួនរយៈពេល៣ឆ្នាំ (២០២៣-២០២៥) ដើម្បីកែលម្អខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទំហំផលិតកម្មដំឡូងមីសរីរាង្គស្រស់ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ បរិមាណ៨៤៩៨តោន/ឆ្នាំ ឬ ២៦ ៨៧២តោនក្នុងរយៈពេល៣ឆ្នាំ និងផលិតកម្មដំឡូងមីស្ងួតនូវបរិមាណ៣៨០៧តោន/ឆ្នាំ ឬ១២ ៩២១តោនរយៈពេល៣ឆ្នាំរយៈពេល៣ឆ្នាំ ដែលអាចបង្កើនប្រាក់ចំណូលជាមធ្យមចំនួន ៧៨៩ ៩៥២ ដុល្លារអាមេរិកក្នុង១ឆ្នាំ ឬ ជាង ២.៦ លានដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំ។