សហគមន៍កសិកម្មតស៊ូសែនជ័យ និងសហគមន៍កសិកម្មស្រ្តីរតនៈនៅខេត្តព្រះវិហារបានចុះហត្ថលេខាទទួលហិរញ្ញប្បទានឥតសំណង៤០% ផ្តល់ដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 15 Feb 2023
24854
ខេត្តព្រះវិហារ៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សហគមន៍កសិកម្មចំនួនពីរគឺសហគមន៍កសិកម្មតស៊ូសែនជ័យ និងសហគមន៍កសិកម្មស្រ្តីរតនៈ មកពីខេត្តព្រះវិហារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន៤០% ជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)។ ក្នុងនោះសហគមន៍កសិកម្មតស៊ូសែនជ័យ ទទួលបានហិរញ្ញប្បទានឥតសំណង៤០% (ស្មើនឹង៤២ ៨៨២ ដុល្លារអាមេរិក) ចំណែកសហគមន៍កសិកម្មស្រ្តីរតនៈទទួលបានហិរញ្ញប្បទាន៤០% (ស្មើនឹង៤៦ ៨០៨ ដុល្លារអាមេរិក) ដែលសហគមន៍ទាំងពីរយកទៅប្រើធ្វើជាទុនបង្វិលទិញ-លក់ដំឡូងមីស្រស់ និងស្ងួតពីសមាជិកជាអ្នកផលិត។
លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោក នួន ដេ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតស៊ូសែនជ័យ អ្នកស្រីសន សឿប ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មស្រ្តីរតនៈ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា រៀបចំឡើងនៅឃុំតស៊ូសែនជ័យ ស្រុកសែនជ័យ ខេត្តព្រះវិហារ។
អ្នកស្រីស្រី សន សឿប បានឱ្យដឹងថា ហិរញ្ញប្បទាន៤០%ដែលផ្តល់ដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងយកទៅប្រើដើម្បីកែលម្អខ្សែច្រវ៉ាក់ផលិតកម្ម ដូចជាដោះស្រាយបញ្ហាទុនបង្វិលទិញលក់ដំឡូងមី ឃ្លាំងស្តុកដំឡូង សម្ភារៈកសិកម្ម ជីធម្មជាតិ ការដឹកជញ្ជូន និងពង្រីកទំហំផលិតកម្មដំឡូងមីសរីរាង្គស្រស់ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ បង្កើនប្រាក់ចំណូលដល់សមាជិកជាផលិតករ និងសហគមន៍កសិកម្ម។
តាមផែនការរយៈពេល៣ឆ្នាំ សមាជិកជាផលិតករចំនួន៦ គ្រួសារ នៃសហគមន៍តស៊ូសែនជ័យ ដែលមានផ្ទៃដីប្រហែល២០.៩ហ.ត មានលទ្ធភាពផលិតដំឡូងមីស្ងួតបានបរិមាណ១៥៧តោន នៅឆ្នាំ២០២៣ និងបរិមាណ ១៦៧តោន នៅឆ្នាំ២០២៤ ដើម្បីផ្គត់ផ្គង់ឱ្យសហគមន៍ និងទទួលបានបា្រក់ចំណេញពីផលិតកម្មដំឡូងមីស្ងួត ប្រហែល២០,២៣២ ដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំ។ ចំណែកសហគមន៍ស្រ្តីរតនៈវិញមានលទ្ធភាពកែលម្អខ្សែច្រវាក់ផលិតកម្ម និងពង្រីកទំហំផលិតកម្មដំឡូងមីសរីរាង្គស្រស់បានក្នុងបរិមាណ៤៤៣៥តោន/ឆ្នាំ ឬ១៤៨០៥តោន រយៈពេល៣ឆ្នាំ។
 
សហគមន៍អាចបង្កើនប្រាក់ចំណូលជាមធ្យមចំនួន៤១៥,៧៨១ដុល្លារអាមេរិក/ឆ្នាំ ឬជាង ១.៧លានដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំ។ កែលម្អខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទំហំផលិតកម្មដំឡូងមីស្ងួត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងបរិមាណ៦៨២០តោន/ឆ្នាំ ឬ២១៩៦០តោន រយៈពេល៣ឆ្នាំ ជាមួយប្រាក់ចំណូលជាមធ្យមចំនួន១៤១៥ ១៥០ដុល្លារអាមេរិក /ឆ្នាំ ឬ ជាង ៤.៥ ដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំ។