សហគមន៍កសិកម្មលើកកម្ពស់កសិករ នៅខេត្តព្រះវិហារ បានចុះហត្ថលេខាទទួលហិរញ្ញប្បទានឥតសំណង៤០% ផ្តល់ដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 15 Feb 2023
21986
ខេត្តព្រះវិហារ៖ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ សហគមន៍កសិកម្មលើកកម្ពស់កសិករ មកពីស្រុកគូលែន ខេត្តព្រះវិហារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន៤០% ជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) នូវហិរញ្ញប្បទានឥតសំណង៤០% (ស្មើនឹង៣៧ ៤៦០ ដុល្លារអាមេរិក) ដើម្បីធ្វើជាទុនបង្វិលទិញ-លក់ដំឡូងមីស្រស់ និងស្ងួតពីសមាជិកជាអ្នកផលិត។
លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោកដៀប ចោម ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មលើកកម្ពស់កសិករ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានាឱកាសនោះ។ ពិធីចុះហត្ថលេខាខាងលើបានរៀបចំឡើងនៅសហគមន៍កសិកម្មលើកកម្ពស់កសិករខេត្តព្រះវិហារ។
លោកដៀប ចោម តំណាងសហគមន៍លើកកម្ពស់កសិករបានឱ្យដឹងថា កិច្ចព្រមព្រៀងនៅថ្ងៃនេះអាចជួយដោះស្រាយបញ្ហាមួយចំនួនដែលសហគមន៍កំពុងជួបប្រទះដូចជាខ្វះឃ្លាំងស្តុកដំឡូងមីស្ងួត ជញ្ជីងថ្លឹង ការគ្រប់គ្រងហិរញ្ញវត្ថុសហគមន៍កសិកម្ម ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ទុនបង្វិលទិញសម្រាប់លក់ដំឡូងមី ជួយធានាតំលៃទីផ្សារដំឡូងមី។ ពាក់ព័ន្ធតម្លៃវិញ តំណាងក្រុមហ៊ុនទទួលទិញដំឡូងមីស្រស់បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនទទួលទិញក្នុងតម្លៃ៣៨៥រៀលក្នុង១គីឡូក្រាមដែលជាតម្លៃទិញនៅទីផ្សារក្នុងស្រុក។
តាមផែនការរបស់សហគមន៍កសិកម្មលើកកម្ពស់កសិករ កិច្ចព្រមព្រៀងនៅថ្ងៃនេះនឹងចាប់ផ្តើមអនុវត្តផែនការអាជីវកម្មរបស់ខ្លួនរយៈពេល៣ឆ្នាំ (២០២៣-២០២៥) ដើម្បីកែលម្អខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទំហំផលិតកម្មដំឡូងមីសរីរាង្គស្រស់ជាមធ្យមចំនួន៦៥៦២៥០ដុល្លារអាមេរិកក្នុង១ឆ្នាំ និងពង្រីកទំហំផលិតកម្មដំឡូងមីស្ងួត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកក្នុងបរិមាណ២៨៩២តោនក្នុង១ឆ្នាំ ឬ៩៥៧៦តោន រយៈពេល៣ឆ្នាំ ដែលអាចបង្កើនប្រាក់ចំណូលជាមធ្យមចំនួន៦១១ ៦៥៨ដុល្លារអាមេរិក។