សំណើរគម្រោងរបស់ “សហគមន៍កសិកម្មក្របៅព្រហ្មទេព” មកពីខេត្តព្រះវិហារ ទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមចំនួន៤០% ដើម្បី “ពង្រីកទីផ្សារទិញលក់ដំឡូងមីសរីរាង្គ”

ចេញ​ផ្សាយ​ 01 Feb 2023
21955

ថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣  អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំ “គណៈកម្មការប្រឹក្សាយោបល់និងអនុម័ត” ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃសំណើពិពិធកម្ម និងកសិធុរកិច្ចសហគមន៍កសិកម្ម និងអនុម័តលើរបាយការណ៍វាយតម្លៃសំណើពិពិធកម្ម និងធុរកិច្ចសហគមន៍ក្របៅព្រហ្មទេព ខេត្តព្រះវិហារ។

កិច្ចប្រជុំនេះបានដំណើរការតាមរយៈប្រព័ន្ធ Zoom ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការនៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត រួមមានសមាសភាពតំណាងមកពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជនមានជាអាទិ៍៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

“សហគមន៍កសិកម្មក្របៅព្រហ្មទេព” មានទីតាំងស្ថិតនៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមចំនួន៤០% នៃសំណើទុនវិនិយោគលើផែនការពិពិធកម្មដើម្បី “ពង្រីកទីផ្សារទិញ~លក់ដំឡូងមីសរីរាង្គ” ដោយគ្រាន់តែកែសម្រួលព័ត៌មានបន្ថែមមួយចំនួនដើម្បីធ្វើឱ្យផែនការពិពិធកម្ម និងធុរកិច្ចមានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ជាមួយនេះដែរ គម្រោងក៏បានគាំទ្រលើការកែលម្អផ្លូវកសិកម្មចំនួន០២ខ្សែ ប្រវែង ១៥,១០ គីឡូម៉ែត្រ សរុបថវិកាប្រមាណ ១ ២៥៣ ០៧០ ដុល្លាអាមេរិក។

គិតត្រឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នេះ មានសហគមន៍កសិកម្ម ចំនួន៣២ បានទទួលការឯកភាពពីគម្រោង សម្រាប់ការផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមចំនួនថវិកា ៤០% នៃសំណើទុនវិនិយោគមួយៗ លើផែនការពិពិធកម្ម។