សហគមន៍កសិកម្មក្រាំងលាវសាមគ្គី និងសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មីនៅខេត្តកំពង់ឆ្នាំងបានចុះហត្ថលេខាទទួលហិរញ្ញប្បទានឥតសំណង៤០% ផ្តល់ដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 25 Jan 2023
21629
កំពង់ឆ្នាំង៖ ថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ សហគមន៍កសិកម្មចំនួនពីរគឺសហគមន៍កសិកម្មក្រាំងលាវសាមគ្គី និងសហគមន៍អញ្ចាញរូងសម័យថ្មី មកពីខេត្តកំពង់ឆ្នាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន៤០% ជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)។ ក្នុងនោះសហគមន៍កសិកម្មក្រាំងលាវសាមគ្គីទទួលបានហិរញ្ញប្បទានឥតសំណង៤០% (ស្មើនឹង១១០,២៧២ដុល្លារ) ដើម្បីគាំទ្រសកម្មភាពផលិតកម្មមាន់យកសាច់ និងស្វាយចន្ទី និងសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មីទទួលបានហិរញ្ញប្បទាន៤០% (៣៤,៧៣៥ ដុល្លារ) ដើម្បីវិនិយោគលើទ្រុងមាន់ ទូរភ្ញាស់មាន់ ទ្រុងបង្កាត់ស្ពែម ម៉ាសស៊ីនកិនស្រូវ ម៉ាស៊ីនកិនពោត ធ្វើរបងស្បៃខៀវ និងតង់ បុកអណ្តូង ម៉ូទ័របូមទឹក និងបាសាំងទឹក។
លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោកម៉ៅ សារឹម ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មក្រាំងលាវសាមគ្គី អ្នកស្រីសាំង សៀម ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានាឱកាសនោះ។ ពិធីចុះហត្ថលេខាខាងលើបានរៀបចំឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្ន សហគមន៍កសិកម្មបានកំពុងប្រឈមទៅនឹងបញ្ហាមួយចំនួន ដូចជាសមត្ថភាពគ្រប់គ្រងនៅមានកម្រិត បណ្តាញទំនាក់ទំនងមិនទាន់បានទូលំទូលាយ កង្វះគំនិតអាជីវកម្ម និងការច្នៃប្រឌិត និងខ្វះការចូលរួមពីសមាជិកសហគមន៍កសិកម្មក្នុងការធ្វើផែនការ និងការគ្រប់គ្រងអាជីវកម្ម។ ដូច្នេះ កិច្ចព្រមព្រៀងហិរញ្ញប្បទាន៤០% នៅថ្ងៃនេះ ក្រោមហិរញ្ជប្បទានរបស់ធនាគារពិភពលោក ក្នុងភាពជាដៃគូរជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជួយដល់សហគមន៍កសិកម្មទាំងពីរខាងលើក្នុងការលើកកម្ពស់កម្រិតជីវភាព តាមរយៈការផ្តល់ជូនសហគមន៍កសិកម្មនូវធាតុចូលកសិកម្មមានដូចជា គ្រាប់ពូជ សេវាបសុពេទ្យ និងសម្ភារផ្សេងៗទៀតសំដៅជួយពួកគាត់ឱ្យមានមានលទ្ធភាពកសាងកម្រិតជីវភាពបានប្រសើរឡើង និងរួមចំណែកដល់ការស្តារវិស័យកសិកម្មនៅកម្ពុជា។
តាមផែនការ សហគមន៍កសិកម្មក្រាំងលាវសាមគ្គីមានលទ្ធភាពចិញ្ចឹមមាន់បាន១២១,៥៥ តោន និងកូនមាន់ពូជសរុប១១៥,២០០ គិតជាទឹកប្រាក់មធ្យម៨២០,៣៤២ ដុល្លារ សម្រាប់រយៈពេល៣ឆ្នាំ និងផលិតកម្មស្វាយបន្ទី៣២៧ តោន ដើម្បីទទួលប្រាក់ចណូលប្រហែល៥៥៣,៦៦២ ដុល្លារនៃការវិនិយោគរយៈពេល៦ឆ្នាំ។ ជាមួយគ្នានេះដែរ សម្រាប់សហគមន៍អញ្ចាញរូងសម័យថ្មី កសិករជាសមាជិកអាចមានលទ្ធភាពផ្គត់ផ្គង់ពងមាន់ និងមាន់យកសាច់ ដោយបង្កើនប្រាក់ចំណូលដុលប្រហែល៩៣២,២០០ ដុល្លារអាមេរិក។