សំណើរគម្រោងរបស់ “សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យ” មកពីខេត្តព្រះវិហារ ទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមចំនួន៤០% នៃសំណើរទុនវិនិយោគលើផែនការពិពិធកម្មកសិកម្ម និងផែនការកសិធុរកិច្ចរបស់ខ្លួន

ចេញ​ផ្សាយ​ 23 Jan 2023
20698
ថ្ងៃសុក្រ ១៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ “គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត” ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃសំណើរពិពិធកម្ម និងកសិធុរកិច្ចរបស់ “សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យ” មកពីខេត្តព្រះវិហារ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការនៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត រួមមានសមាសភាពតំណាងមកពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជនមានជាអាទិ៍៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
ជាលទ្ធផល គម្រោងពិពិធកម្មកសិកម្មកម្ពុជាបានផ្តល់ជូន “សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យ” មានទីតាំងនៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នូវហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមចំនួន៤០% នៃសំណើរទុនវិនិយោគលើផែនការពិពិធកម្មដើម្បីពង្រីកទីផ្សារដំឡូងមីសរីរាង្គ និងដំឡូងមីស្ងួតដោយគ្រាន់តែកែសម្រួលបញ្ជាក់ព័ត៌មានបន្ថែមមួយចំនួន។ ជាមួយគ្នានេះ គម្រោងបានគាំទ្រលើការជួសជុលទំនប់បង្ហៀរ១កន្លែង សម្រាប់ជាប្រយោជន៍នៃអ្នកប្រើប្រាស់ទឺកផ្ទាល់ចំនួន១៥៥៨គ្រួសារ ដែលប៉ាន់ស្មានតម្លៃជួសជុលសរុប ១ ០៦៧ ៥០០ដុល្លាអាមេរិក។ គម្រោងក៏បានគាំទ្រជួសជុលផ្លូវកសិកម្ម១ខ្សែ ប្រវែង៧គីឡូម៉ែត្រ ដែលតម្លៃប៉ានស្មានប្រមាណ ៧០០ ១៧០ដុល្លាអាមេរិក។
គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ មានសហគមន៍កសិកម្ម ចំនួន៣១ បានទទួលការឯកភាពពីគម្រោង សម្រាប់ការផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមចំនួនថវិកា ៤០% នៃសំណើទុនវិនិយោគមួយៗ លើផែនការពិពិធកម្ម។