សិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងវឌ្ឍនភាពការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 16 Jan 2023
20730
សិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងវឌ្ឍនភាពការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ត្រូវបានរៀបចំឡើងនៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប នៅថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៣ ដើម្បីឆ្លុះបញ្ចាំងពីបទពិសោធន៍ សមិទ្ធផលនានា និងបញ្ហាប្រឈម ដែលបានអនុវត្តកាលពីឆ្នាំ២០២២ និងកំណត់ចងក្រងបទពិសោធន៍សំខាន់ៗសម្រាប់កែលម្អការអនុវត្តគម្រោងឱ្យបានល្អប្រសើរនៅឆ្នាំ២០២៣។
អង្គសិក្ខាសាលារយៈពេល២ថ្ងៃបានដំណើរការក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសអនុវត្តគម្រោង (PSC) និងលោកស្រី ចំរើន មុទិតា អ្នកឯកទេសជាន់ខ្ពស់អភិវឌ្ឍន៍ជនបទ និងជាប្រធានគម្រោង CASDP នៃធនាគារពិភពលោក។ អញ្ជើញមានវត្តមានក្នុងឱកាសនោះដែរក៏មាន ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជាសមាជិក និងជាសមាជិក PSC ឯកឧត្តម សាន វិសាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយក CASDP។
អ្នកចូលរួមចំនួន១០៩នាក់ តំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងអភិវឌ្ឍន៍ជនបទ (MRD) ក្រសួងធនធានទឹក និងឧតុនិយម (MoWRAM) ដែលជាស្ថាប័នអនុវត្តគម្រោង (IAs) តំណាងមកពីធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍ជនបទ (ARDB) អ្នកផ្តល់សេវាបច្ចេកទេស (TSPs) តំណាងមកពីស្ថាប័នហិរញ្ញវត្ថុរួមមានធនាគារប្រៃសណីយ៍កម្ពុជា ធនាគារ AMK និងធនាគារចំរើន សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) វិទ្យាស្ថានជាតិកសិកម្មព្រែកលាប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម សហគ្រាស កសិធុរកិច្ចខ្នាតតូច និងមធ្យម រួមមានក្រុមហ៊ុន Tropicam សម្រាប់ផលិតកម្មបន្លែសុវត្ថិភាព និង ក្រុមហ៊ុន SANTANA Agro Product., Ltd. សម្រាប់គ្រាប់ស្វាយចន្ទី សមាជិកនៃគណៈកម្មាធិការក្រុមប្រឹក្សាពិគ្រោះយោបល់ និងអនុម័ត (AEC&EC) និងតំណាងមកពីសហគមន៍កសិកម្មតាសីសាមគ្គី ។