ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងរវាង សហគមន៍កសិកម្មក្រាំងសេរី និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 20 Dec 2022
18699
កំពង់ស្ពឺ៖ ថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ សហគមន៍កសិកម្មក្រាំងសេរី និងគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ៤០% (ស្មើនឹង ៤១,៨៥៧ ដុល្លារ) គាំទ្រសកម្មភាពផលិតកម្មមាន់យកសាច់ដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុក។
លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ និងលោកឡុង ធីម ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មក្រាំងសេរី និងអាជ្ញាធរមូលដ្ឋាន បានចុះហត្ថលេខារួមគ្នានាឱកាសនោះ។ ពិធីចុះហត្ថលេខាខាងលើបានរៀបចំឡើងនៅភូមិក្រាំងសេរី ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ស្របពេលមាន់មានតម្រូវការខ្ពស់ និងតម្លៃប្រសើរជាងមុន បែរជាការផ្គត់ផ្គង់មិនទាន់គ្រប់គ្រាន់ទៅវិញ ដែលជាហេតុធ្វើឱ្យកម្ពុជាត្រូវនាំចូលសាច់មាន់ពីប្រទេសផ្សេងៗដើម្បីបំពេញតម្រូវការក្នុងស្រុក។ កសិករចិញ្ចឹមមាន់ខ្នាតតូចមួយចំនួនបានប្រឈមទៅនឹងឧបសគ្គជាច្រើនដូចជា កង្វះអំណាចទីផ្សារ លទ្ធភាពទទួលបានព័ត៌មានទីផ្សារមាននៅកម្រិត ថ្លៃដើមផលិតកម្មខ្ពស់ ការវិនិយោគរយៈពេលវែងជាងបើធៀបនឹងមាន់ចិញ្ចឹមតាមបែបទំនើប និងមានជំងឺដង្កាត់ផ្សេងៗ។
កិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាខាងលើ តាមរយៈកិច្ចសហការជាមួយសហគមន៍អ្នកផលិតខ្នាតតូចក្នុងការកែលម្អបច្ចេកទេសចិញ្ចឹមមាន ដើម្បីផ្គត់ផ្គង់និងចែកចាយលក់ទៅកាន់ទីផ្សារក្នុងស្រុក។
តាមផែនការ សហគមន៍មានលទ្ធភាពចិញ្ចឹមមាន់បាន១៦៣តោន គិតជាទឹកប្រាក់សរុបជាមធ្យម១៣៦,០៨០ ដុល្លារ ក្នុងរយៈពេល៣ឆ្នាំដូចៗគ្នា។ ជាមួយគ្នានេះ កសិករមានលទ្ធភាពបង្កើនប្រាក់ចំណូល និងបានរួមចំណែកផ្គត់ផ្គង់ពងមាន់ មាន់យកសាច់ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឈានទៅរកកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។