ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងរវាង សហគមន៍កសិកម្មអមតៈ និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 20 Dec 2022
18789
កំពង់ស្ពឺ៖ ថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ សហគមន៍កសិកម្មអមតៈ និងគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ៤០% (ស្មើនឹង ៣៣,៩៦៩ ដុល្លារ) គាំទ្រសកម្មភាពផលិតកម្មមាន់យកសាច់ និង៤០% (១១៩,០១១ ដុល្លារ) ពង្រីកផលិតកម្មបន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុក។
លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ លោក ស្វាយ សារុណ អភិបាលរងស្រុកសំរោងទង និងលោកឡេង អ៊ួង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មអមតៈ និងអាជ្ញាធរមូលដ្ឋាន បានចុះហត្ថលេខារួមគ្នានាឱកាសនោះ។ ពិធីចុះហត្ថលេខាខាងលើបានរៀបចំឡើងនៅសាលាឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមផែនការ សហគមន៍មានលទ្ធភាពចិញ្ចឹមមាន់បាន២៥៨,៨ តោន គិតជាទឹកប្រាក់សរុបជាមធ្យម១,៥១៤ ៨០៨ ដុល្លារ និងផលិតកម្មបន្លែសុវត្ថិភាព៩៥៦ តោន និងប្រាក់ចណូលប្រហែល ២២,១៨ ៩១,៧ ដុល្លារក្នុងរយៈពេល៣ឆ្នាំដូចៗគ្នា។ ជាមួយគ្នានេះ កសិករមានលទ្ធភាពបង្កើនប្រាក់ចំណូល និងបានរួមចំណែកផ្គត់ផ្គង់ពងមាន់ មាន់យកសាច់ និង បង្កើនដំណើរការខ្សែរសង្វាក់ផលិតកម្មបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឈានទៅរកកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។