ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងរវាងសហគមន៍កសិកម្មកសិករសាមគ្គីអមលាំង និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 30 Nov 2022
18634
កំពង់ស្ពឺ៖ ថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ សហគមន៍កសិកម្មកសិករសាមគ្គីអមលាំង និងគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ៤០% (ស្មើនឹង ៥១,៣៤៣.៦៦ ដុល្លារ) គាំទ្រសកម្មភាពផលិតកម្មមាន់យកសាច់ និង៤០% (៤០,១៨៩.៩៩ ដុល្លារ) ពង្រីកផលិតកម្មបន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុក។
លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ និងលោកស្រី ទឹម សំណូល ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មកិសករសាមគ្គីអមលាំង និងអាជ្ញាធរមូលដ្ឋាន បានចុះហត្ថលេខារួមគ្នានាឱកាសនោះ។ ពិធីចុះហត្ថលេខាខាងលើបានរៀបចំឡើងនៅសហគមន៍កសិកម្មកសិករសាមគ្គីអមលាំង ភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
កសិករភាគច្រើននៅតំបន់ជនបទចិញ្ចឹមមាន់ស្រែជាប្រភពចំណូលទីពីរក្រៅពីការផលិតស្រូវ។ ទោះជាយ៉ាងណាក៏ដោយ ការចិញ្ចឹមមាន់ស្រែស្ថិតក្នុងកម្រិតតិចតូចនៅឡើយ ហើយអ្នកផលិតភាគច្រើននៅតែអនុវត្តការចិញ្ចឹមមាន់តាមបែបប្រពៃណី។ មាន់មានតម្រូវការខ្ពស់ និងតម្លៃប្រសើរជាងមុនសម្រាប់មាន់ស្រែ ប៉ុន្តែការផ្គត់ផ្គង់មិនទាន់គ្រប់គ្រាន់ ដែលជាហេតុធ្វឱ្យកម្ពុជាត្រូវការនាំចូលសាច់មាន់ពីប្រទេសផ្សេងៗដើម្បីបំពេញតម្រូវការក្នុងស្រុក។ កសិករចិញ្ចឹមមាន់ខ្នាតតូចមួយចំនួនបានប្រឈមទៅនឹងឧបសគ្គជាច្រើនដូចជា កង្វះអំណាចទីផ្សារ លទ្ធភាពទទួលបានព័ត៌មានទីផ្សារមាននៅកម្រិត ថ្លៃដើមផលិតកម្មខ្ពស់ ការវិនិយោគរយៈពេលវែងជាងបើធៀបនឹងមាន់ចិញ្ចឹមតាមបែបទំនើប និងជំងឺដង្កាត់ផ្សេងៗ។ ដើម្បីបន្តគាំទ្រកសិករនៅមូលដ្ឋាន កិច្ចព្រមព្រៀងនេះនឹងអាចជួយដោះស្រាយបញ្ហាទាំងនេះបាន តាមរយៈកិច្ចសហការគ្នាក្នុងចំណោមអ្នកផលិតខ្នាតតូច ដោយមានការគាំទ្រពីវិស័យរដ្ឋ និងឯកជន ការកែលម្អបច្ចេកទេសចិញ្ចឹម និងការធ្វើអនាម័យសម្រាប់ការចិញ្ចឹមមាន់ស្រែ ការទទួលបានថវិកាសម្រាប់គ្រួសារកសិករ មានលទ្ធភាពកែលម្អកសិអាជីវកម្ម បង្កើនការផលិត និងផ្គត់ផ្គង់មាន់យកសាច់ និងការចែកចាយលក់ ប្រកបដោយប្រសិទ្ធភាព។
តាមផែនការ សហគមន៍មានលទ្ធភាពចិញ្ចឹមមាន់បាន១១៤តោន គិតជាទឹកប្រាក់សរុបជាមធ្យម១,០២៩,៨៨៤ដុល្លារ និងផលិតកម្មបន្លែសុវត្ថិភាព៤០០តោនក្នុងមួយឆ្នាំ និងប្រាក់ចណូលប្រហែល ៣៥,០០០០ ដុល្លារ។ ជាមួយគ្នានេះ កសិករមានលទ្ធភាពបង្កើនប្រាក់ចំណូល និងបានរួមចំណែកផ្គត់ផ្គង់ពងមាន់ មាន់យកសាច់ និង បង្កើនដំណើរការខ្សែរសង្វាក់ផលិតកម្មមាន់ទីផ្សារក្នុងស្រុកឈានទៅរកកាត់បន្ថយការនាំចូលមាន់យកសាច់ពីប្រទេសជិតខាង។