ក្រុមការងារជំនាញរបស់ EU ដឹកនាំដោយ លោកស្រី ប៊ី សុគន្ធា អ្នកគ្រប់គ្រងកម្មវិធីបានជួប លោក ហុក គឹមធួន ដើម្បីពិភាក្សានិងចែករំលែកបទពិសោធន៍នៃការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងកិច្ចសហការនាពេលអនាគត

ចេញ​ផ្សាយ​ 30 Nov 2022
18704
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតពីលោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនិងជានាយកគម្រោង ក្រុមការងារជំនាញរបស់ EU ដឹកនាំដោយ លោកស្រី ប៊ី សុគន្ធា អ្នកគ្រប់គ្រងកម្មវិធីបានជួប លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដើម្បីពិភាក្សានិងសិក្សាស្វែងយល់ដំណើរការអនុវត្តគម្រោង CASDP និងកាលានុវត្ថិភាព កិច្ចសហប្រតិបត្តិការសម្រាប់គម្រោងថ្មីៗនាពេលអនាគតលើវិស័យកសិកម្ម។
ក្នុងជំនួបនោះដែរ លោក ហុក គឹមធួន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមជំនាញការគណៈប្រតិភូសហភាពអឺរ៉ុប និងបានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបន្តជួយលើកកម្ពស់ខ្សែសង្វាក់តម្លៃផលិតផលកសិកម្ម និងគំនិតផ្តួចផ្តើមរៀបចំគម្រោងថ្មីមួយគាំទ្រវិស័យកសិកម្ម។
លើសពីនេះទៀត ក្រុមការងារជំនាញរបស់គណៈប្រតិភូសហភាពអឺរុប បានប្តេជ្ញាគាំទ្ររៀបចំគម្រោងថ្មីមួយបន្ថែមទៀតដើម្បីជួយដល់វិស័យកសិកម្មលើផលិតកម្មស្វាយចន្ទី ម្រេច និងម្តេស សម្រាប់ការនាំចេញ និងបំពេញបន្ថែមទៅលើគម្រោងដែលកំពុងអនុតវត្តនានា។ ក្រោយពីបានចែករំលែកមេរៀននិងបទពិសោធន៍នៃការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជារួមមក លោកប្រធានគ្រប់គ្រងគម្រោង CASDP ក៏បានស្នើសុំសហភាពអឺរ៉ុបបន្តគាំទ្រផ្នែកពាក់ព័ន្ធផ្សេងទៀតរួមមាន ជួយពង្រីកអាជីវកម្មរបស់សហគមន៍ ពង្រីកសមត្ថភាពឃ្លាំងស្តុកផលិតផល កសាងសមត្ថភាពតាមរយៈលើកទឹកចិត្តយុវជននិងនិស្សិតទើបចេញពីសាលាជួយដល់សហគមន៍ និងការភ្ជាប់វិស័យឯកជនទៅនឹងសហគមន៍និងគម្រោងវិនិយោគវិស័យកសិកម្ម។ល។