កំពង់ចាម៖ ថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង និងគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ៤០% (ស្មើនឹង ៦៦ ១០២ ២០ ដុល្លារ) ជួយការលើកកម្ពស់ផលិតកម្ម និងពង្រឹងខ្សែច្រវ៉ាក់ទីផ្សារបន្លែសុវត្ថិភាព និងគោយកសាច់ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។
លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងលោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងលោក លោក មាជ សារូ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មអភវិឌ្ឍន៍ស្រុកយើង និងអាជ្ញាធរមូលដ្ឋាន បានចុះហត្ថលេខារួមគ្នានាឱកាសនោះ។ ពិធីចុះហត្ថលេខាខាងលើបានរៀបចំឡើងនៅសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង ភូមិត្រពាំងត្នោត ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ការចិញ្ចឹមសត្វ និងការដាំបន្លែសុវត្ថិភាពបានដើរតួនាទីយ៉ាងសំខាន់នៅជនបទ។ កសិករភាគច្រើនបានត្អូញត្អែរអំពីការធ្លាក់ចុះនៃប្រាក់ចំណូលពីការចិញ្ចឹមសត្វ និងការផលិតបន្លែសុវត្ថិភាព ដែលជាប្រភពចំណូលជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់។ ដូច្នេះ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយនៅថ្ងៃនេះនឹងជួយបង្កើនការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការបង្កើនផលិតភាពចិញ្ចឹមគោយកសាច់ និងបន្លែសុវត្ថិភាព។ កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យបសុសត្វកម្ពុជា និងការដាំបន្លែសុវត្ថិភាព ការបង្កើនតម្រូវការទីផ្សារ៖ ទីផ្សារបសុសត្វ ដែលកំពុងកើនឡើង និងតម្រូវការកើនឡើងពីប្រទេសជិតខាង (ជាពិសេសគោក្របី និងបន្លែសុវត្ថិភាព)។
តាមផែនការសហគមន៍អភិវឌ្ឍន៍ស្រុកយើងមានលទ្ធភាពផលិតកម្ម និងពង្រីកទំហំផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ក្នុងបរិមាណសរុបជាមធ្យម ១៩៣៥ តោនក្នុងរយៈពេលបីឆ្នាំ ដែលទទួលបានការបញ្ជាទិញក្នុងតំលៃរួមមួយជាមធ្យម ១០០៤ ៨១៣ ដុល្លារ និងគោយកសាច់ចំនួន ១២៤៤ ក្បាល គិតជាចំណូលដុល ៩៦, ៧៨៥០ ដុល្លារ ក្នុងរយ:ពេលបីឆ្នាំដូចគ្នា។