កិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងពិពិធកម្មកសិកម្មកម្ពុជាលើកទី៤

ចេញ​ផ្សាយ​ 21 Nov 2022
18758
កិច្ចប្រជុំលើកទី៤នៃគណៈកម្មាធិការតម្រង់ទិស (PSC) នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានរៀបចំឡើងនៅខេត្តសៀមរាប នៅថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសគម្រោង លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងគម្រោង CASDP ។ នាឱកាសនោះដែរ តំណាងក្រសួងពាក់ព័ន្ធ រួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ។ តំណាងអញ្ជើញមកពីក្រសួងកិច្ចការនារី ក្រសួងបរិស្ថាន ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទីប្រឹក្សាជាតិ និងអន្តរជាតិ។
កិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោង (PSC) មានគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារដែលបានអនុវត្ត ស្របតាមលទ្ធផលសូចនាករសម្រេចបាននៅក្នុងឆ្នាំ២០២២ និងប្រមូលធាតុចូលពីគ្រប់អង្គភាពទាំងអស់នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងការងារគាំទ្រដល់ការប្រព្រឹត្តិទៅរបស់គម្រោងក្រោមការិយាល័យសម្របសម្រួលគម្រោង CASDP ។
កិច្ចប្រជុំបានផ្តល់ឱកាសសម្រាប់អង្គភាពអនុវត្ត និងអ្នកចូលរួមទាំងអស់ បានចែករំលែកវឌ្ឍនភាព និងធ្វើបច្ចុប្បន្នភាពទាំងនៅថ្នាក់ជាតិ និងនៅកម្រិតសហគមន៍កសិកម្ម ព្រមទាំងបានបង្ហាញពីវិធីសាស្រ្តគាំទ្រនានា ការលើកយកបញ្ហាប្រឈមនានាក្នុងដំណើរការអនុវត្តគម្រោង និងការលើកឡើងនូវសំណើមួយចំនួនសម្រាប់ការកែលម្អការអនុវត្តគម្រោងនៅឆ្នាំ ២០២៣។
កិច្ចប្រជុំបានបញ្ចប់ដោយមានការពិភាក្សាយ៉ាងផុលផុស និងបានអនុម័តលើផែនការសកម្មភាព និងថវិកាសម្រាប់រយៈពេល១២ខែបន្ទាប់នាឆ្នាំ២០២៣។
កិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោងពិពិធកម្មកសិកម្មកម្ពុជាសម្រេចបាននូវគោលបំណងរួមរបស់ខ្លួន តាមរយៈការចែករំលែកព័ត៌មានថ្មីៗ ព្រមទាំងបទពិសោធន៍ពីគ្រប់អង្គភាពអនុវត្តទាំងអស់ (IAs) និងក្រុមការងារគម្រោងដែលមានការចាប់អារម្មណ៍ច្រើន និងបង្ហាញអំពីការប្តេជ្ញាចិត្តសំដៅធានាប្រសិទ្ធភាពការងារសំខាន់ៗ ដូចបានពិភាក្សាលំអិតនៅក្នុងផែនការរបស់គម្រោង។