ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងរវាងសហករណ៍កសិកម្មតាសីសាមគ្គី និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 01 Nov 2022
18750
បាត់ដំបង៖ ថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ សហគមន៍កសិកម្មតាសីសាមគ្គី និងគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ៤០% (ស្មើនឹង ២១៦,០៣១ ដុល្លារ) ជួយដល់កសិករសមាជិកសហគមន៍ផលិតកម្មបន្លែសុវត្ថិភាពឆ្លើយតប ទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និង ពង្រឹងគុណភាព ក្នុងការនាំចេញ ដើម្បីលើកកម្ពស់ជីវភាពសមាជិកគ្រួសារនៅក្នុងសហគមន៍ ដល់ «សហគមន៍ តាសីសាមគ្គី»។
លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) លោក ហោ សុនាថ តំណាងធនាគារពិភពលោក និងមានតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងលោក លោក ណុប នុន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះហត្ថលេខារួមគ្នានាឱកាសនោះ។ ពិធីចុះហត្ថលេខាខាងលើបានរៀបចំឡើងនៅសហគមន៍កសិកម្មតាសីសាមគ្គី ភូមិតាសី ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
កិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃសុវត្ថិភាពចំណីអាហារ ដោយសារមានការជជែកដេញដោលជាសាធារណៈលើការនាំចូលបន្លែដែលមានកម្រិតសារធាតុគីមីមិនមានសុវត្ថិភាព កសិករ និងអ្នកផលិតបន្លែត្រូវបានស្នើឱ្យបង្កើនទិន្នផល ដើម្បីបំពេញតម្រូវការក្នុងស្រុក និងប្រកាន់យកនូវការអនុវត្តកសិកម្មល្អ ដើម្បីធានាសុវត្ថិភាពនៃផលិតផលក្នុងស្រុក។
មួយផ្នែកនៃហិរញ្ញប្បទានឥតសំណង៤០% ជាដំណោះស្រាយសមស្របសម្រាប់កសិករទទួលយកការអនុវត្តកសិកម្មល្អ និងបច្ចេកទេសសរីរាង្គត្រូវបានលើកទឹកចិត្ត ដើម្បីធានាសុវត្ថិភាពចំណីអាហារ តាមរយៈ ការដាំបន្លែក្នុងផ្ទះសំណាញ់ ។
តាមផែនការសហគមន៍តាសីសាមគ្គីមានលទ្ធភាពផលិតកម្ម និងពង្រីកទំហំផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ក្នុងបរិមាណសរុបជាមធ្យម ៧,៩០១ តោនក្នុងរយៈពេលបីឆ្នាំ ដែលទទួលបានការបញ្ជាទិញក្នុងតំលៃរួមមួយជាមធ្យម ៦៣៨,៧៥ ដុល្លារក្នុង១តោន។