ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណង៤០%នៃទុនវិនិយោគ រវាងសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 01 Nov 2022
18642
បាត់ដំបង៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា និងគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ៤០% (ស្មើនឹង២៤៩,២០៤ ដុល្លារ) ជួយដល់កសិករសមាជិកសហគមន៍ផលិតកម្មបន្លែសុវត្ថិភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងពង្រឹងគុណភាពក្នុងការនាំចេញ ដើម្បីលើកកម្ពស់ជីវភាពសមាជិកគ្រួសារនៅក្នុងសហគមន៍ ដល់ «សហគមន៍ពន្លឺថ្មីពេជ្រចិន្តា»។
លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) លោក ហោ សុនាថ តំណាងធនាគារពិភពលោក និងតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងលោក ហ៊ុន វត្ថា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម និងអជ្ញាធរមូលដ្ឋាន បានចុះហត្ថលេខារួមគ្នានាឱកាសនោះ។ ពិធីចុះហត្ថលេខាខាងលើបានរៀបចំឡើងនៅសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
គម្រោង CASDP បានផ្តល់ហិរញ្ញប្បទាន៤0% នៃទុនវិនិយោគសរុប ដល់សហគមន៍ពន្លឺថ្មីពេជ្រចិន្តា ជាផ្នែកមួយកម្មវិធីអភិវឌ្ឍសហគមន៍នៅក្នុងតំបន់ដែលធ្លាប់ជាដីមានគ្រាប់មីនមិនទាន់ផ្ទុះទៅជាដីដែលមានផ្ទះសំណាញ់ចំនួន២៣១ ដែលនឹងផ្គត់ផ្គង់បន្លែនិងផ្លែឈើស្រស់ដល់គ្រួសារក្នុងស្រុក និងមានដាក់លក់នៅក្នុងកន្ត្រកនៅតាមទីផ្សារទំនើបក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងទៀត។ តាមការគ្រោងទុក បន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់នឹងកើនឡើងពី ៦៩,៦០០ គីឡូក្រាម ក្នុងផ្ទះសំណាញ់ចំនួន៣០ ក្នុងឆ្នាំដំបូង បន្ទាប់មករហូតដល់ ៧៦,៥៦០ គីឡូក្រាម ក្នុងឆ្នាំទី២ ឡើងដល់ ៨៤,២១៦ គីឡូក្រាមក្នុងឆ្នាំទី៣។