សំណើរគម្រោង “សហគមន៍កសិកម្មឃុំពពេលរុងរឿង” មកពីខេត្តសៀមរាប ទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែម៤០% នៃសំណើទុនវិនិយោគសរុបលើផែនការពិពិធកម្មចិញ្ចឹមជ្រូកយកកូន និងជ្រូកសាច់

ចេញ​ផ្សាយ​ 24 Oct 2022
16996
ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានរៀបចំកិច្ច ប្រជុំ “គណៈកម្មការប្រឹក្សាយោបល់និងអនុម័ត” កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃសំណើពិពិធកម្ម និងកសិធុរកិច្ចសហគមន៍កសិកម្ម និងអនុម័តលើរបាយការណ៍វាយ តម្លៃសំណើពិពិធកម្ម និងធុរកិច្ច “សហគមន៍កសិកម្មពពេលរុងរឿង” មកពីខេត្តសៀមរាប។
កិច្ចប្រជុំនេះបានដំណើរការតាមរយៈប្រព័ន្ធ Zoom ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋ លេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់និងអនុម័ត ដោយមាន ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការនៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត រួមមាន សមាសភាពតំណាងមកពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជនមានជាអាទិ៍៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សម្ព័ន្ធ សហគមន៍កសិកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
ជាលទ្ធផលគណៈកម្មការវាយតម្លៃបានសម្រេចអនុញ្ញាតផ្តល់ជូន “សហគមន៍កសិកម្មពពេលរុងរឿង” ដែលមានទីតាំង នៅភូមិត្រពាងត្រំុ ឃុំពពេល ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប នូវហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមចំនួន៤០% នៃសំណើទុនវិនិយោគលើផែនការពិពិធកម្មដើម្បីពង្រីកផលិតកម្មចិញ្ចឹមជ្រូកយកកូន និងជ្រូកយកសាច់ ដោយគ្រាន់តែបំពេញព័ត៌មានបន្ថែមដូចមានភ្ជាប់នៅក្នុងរបាយការណ៍វាយតម្លៃ។
គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ មានសហគមន៍កសិកម្មសរុបចំនួន២៦ បានទទួលការឯកភាពពីគម្រោងសម្រាប់ការផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមចំនួនថវិកា៤០% នៃសំណើទុនវិនិយោគមួយៗលើផែនការពិពិធកម្ម។