ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណង៤០%នៃទុនវិនិយោគ រវាងសហករណ៍កសិកម្មរមទមសាមគ្គីមានជ័យ និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 19 Oct 2022
16925
ព្រះវិហារ៖ ថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ សហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ និងគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ៤០% ជួយដល់កសិករសមាជិកសហគមន៍ផលិតកម្មដំឡូងមីស្ងួត ដោយផ្តោតការអភិវឌ្ឍន៍លើខ្សែច្រវាក់តម្លៃដំឡូងមីស្ងួត បរិមាណ និងគុណភាព ឆ្លើយតបទៅនឹងតម្រូវការអ្នកបញ្ជាទិញពីកសិធុរកិច្ចខ្នាតតូច និងមធ្យម ។
លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) លោក ហោ សុនាថ តំណាងធនាគារពិភពលោក លោក ស្រ៊ុន បូរិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងលោកស្រី វឹក យ៉ា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម បានចុះហត្ថលេខារួមគ្នានាឱកាសនោះ។ ពិធីចុះហត្ថលេខាខាងលើបានរៀបចំឡើងនៅសហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
នៅប្រទេសកម្ពុជា ដំឡូងមីជាដំណាំកសិកម្មសំខាន់ទីពីរបន្ទាប់ពីស្រូវ ការផលិតកម្មម្សៅដំឡូងមីជាផលិតផលមុខព្រួញសម្រាប់ទីផ្សារនាំចេញទៅកាន់បរទេស ជាពិសេសប្រទេសថៃ ចិន និងវៀតណាម។ ដោយសារខ្វះកិច្ចសម្របសម្រួលផ្នែកផលិតកម្ម ដូចជាគ្រឿងបរិក្ខារកែច្នៃដោយខ្លួនឯង ធ្វើឱ្យកសិករកម្ពុជាត្រូវបង្ខំលក់ដំឡូងមីស្ងួត និងម្សៅទៅទីផ្សារទាំងនេះ សម្រាប់កែច្នៃជាអាហារ វាយនភ័ណ្ឌ និងផលិតផលក្រដាស។
គម្រោង CASDP ផ្តល់ ៤0% នៃជំនួយបច្ចេកទេស និងហិរញ្ញប្បទាន ដែលនឹងគាំទ្រដល់កសិករដំឡូងមីចំនួន ១៦៨ នាក់ ភាគច្រើនជាស្ត្រី ក្នុងការគ្រប់គ្រងការអនុវត្តផលិតកម្មដំឡូងមី ក៏ដូចជាចំណេះដឹងផ្នែកហិរញ្ញវត្ថុគាំទ្រដល់កសិករជាស្ត្រីក្នុងការពង្រឹងមុខរបររបស់ពួកគេនៅក្នុងផលិតកម្មដំឡូងមី និងជំរុញលទ្ធភាពទទួលបានហិរញ្ញវត្ថុដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។