ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងរវាងសហករណ៍កសិកម្មព្រះរំកិល និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 19 Oct 2022
16901
ស្ទឹងត្រែង៖ ថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សហគមន៍កសិកម្មព្រះរំកិល និងគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានអញ្ជើញចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ៤០% ជួយដល់កសិករចិញ្ចឹមជ្រូកមួយក្រុម ដែលមានសមាជិកចំនួន១១៥ នាក់ (ស្រី ៩០ នាក់) ដើម្បីចិញ្ចឹមជ្រូកយកកូន ឬសម្រាប់លក់ឲ្យកសិករផ្សេងទៀតក្នុងភូមិ និងពង្រីកអាជីវកម្មចិញ្ចឹមជ្រូកយកសាច់។
លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP); លោក ហូ សុនាថ តំណាងធនាគារពិភពលោក លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម (PDAFF); និងលោក ហ៊ីង ពៅ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខារួមគ្នានាឱកាសនោះ។ ពិធីចុះហត្ថលេខាខាងលើបានរៀបចំឡើងនៅសហគមន៍កសិកម្មព្រះរំកិល ភូមិក្រឡោពាស់ ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
កិច្ចព្រមព្រៀងនេះផ្តល់ ៤០% ដែលមានថវិកាចំនួន ៦៥,២២០ ដុល្លារអាមេរិក ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងភាពជាដៃគូរជាមួយធនាគារពិភពលោក ក្នុងការដោះស្រាយបញ្ហាប្រឈមមួួចំនួនក្នុងដំណើការអភិវឌ្ឍន៍ និងអនុវត្តអាជីវកម្មនៃសហគ្រាសខ្នាតតូច ការធ្វើឱ្យតម្លៃទីផ្សារសាច់ជ្រូកកាន់តែប្រសើរឡើងជាងមុន និងធ្វើឱ្យសហគមន៍មានឱកាសកាន់តែច្រើនក្នុងការទទួលបានដើមទុនសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគាត់។