ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងរវាងសហករណ៍កសិកម្មអ៊ុំឃួងរ៉ុងរឿង និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 19 Oct 2022
19687
ស្ទឹងត្រែង៖ ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ សហគមន៍កសិកម្មអ៊ុំឃួងរុងរឿង និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានចុះហត្ថលេខា រួមគ្នាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៤០%។ អញ្ជើញចូលរូមចុះហត្ថលេខានាឱកាសនោះ រួមមាន លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) លោក ហូរ សុខនាត តំណាងមកពីធនាគារពិភពលោកប្រចាំកម្ពុជា លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម (PDAFF)​ និងលោក ងឹន ណារ៉េត ប្រធានក្រុមប្រឹក្សាភិបាល​សហគមន៍។
ហិរញ្ញប្បទានឥតសំណង៤០% ជាផ្នែកមួយនៃដំណោះស្រាយគន្លឹះអភិវឌ្ឍន៍កសិកម្ម និងជាកម្លាំងចលករគោលនយោបាយផ្អែកលើសកម្មភាពអនុវត្តជាក់ស្តែង ឆ្លើយតបទៅនឹងក្តីបារម្ភរបស់កសិករ ដែលបានលើកឡើងជាយូរមកហើយពាក់ព័ន្ធទៅនឹងអស្ថិរភាពតម្លៃដំណាំស្វាយចន្ទីរបស់ពួកគាត់ពីមួយដូវទៅមួយរដូវ។
កិច្ចសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងដល់សហគមន៍កសិកម្មអ៊ំុឃួងរុងរឿងនៅថ្ងៃនេះ ជាម៉ូឌែលគំរូមួយមានគោលដៅលើកកម្ពស់គ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារកាន់តែធំទូលាយ និងមានតម្លៃកាន់តែប្រសើរជាងនេះ។ អញ្ជើញចូលរួម និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះដែរ មានមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាជិកសហគមន៍កសិកម្មប្រហែល៥០រូប។