សំណើរគម្រោងរបស់ “សហគមន៍កសិកម្មធម្មជាតិបៃតងចម្រុះ” មកពីខេត្តក្រចេះ និង“សហគមន៍កសិកម្មស្រ្តីរតនៈ” មកពីខេត្តព្រះវិហារ ទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមចំនួន៤០% នៃសំណើទុនវិនិយោគនីមួយៗលើផែនការពិពិធកម្មកសិកម្ម និងផែនការកសិធុរកិច្ចរបស់ខ្លួន

ចេញ​ផ្សាយ​ 19 Oct 2022
19663
ថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំ “គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត” ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃសំណើពិពិធកម្ម និងកសិធុរកិច្ចសហគមន៍កសិកម្ម និងអនុម័តលើរបាយការណ៍វាយតម្លៃសំណើពិពិធកម្ម និងធុរកិច្ច “សហគមន៍កសិកម្មធម្មជាតិបៃតងចម្រុះ” មកពីខេត្តក្រចេះ និង “សហគមន៍កសិកម្មស្រ្តីរតនៈ” មកពីខេត្តព្រះវិហារ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការនៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត រួមមានសមាសភាពតំណាងមកពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជនមានជាអាទិ៍៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
ជាលទ្ធផល គណៈកម្មការបានសំណូមពរឱ្យសហគមន៍កែសម្រួលព័ត៌មានបន្ថែមមួយចំនួនដែលចាំបាច់ និងបានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមចំនួន៤០% នៃសំណើទុនវិនិយោគមួយៗ លើផែនការពិពិធកម្មដល់សហគមន៍ទាំងពីរដូចខាងក្រោម៖
ទី១- “សហគមន៍កសិកម្មធម្មជាតិបៃតងចម្រុះ” មានទីតាំងនៅភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ សម្រាប់ “ពង្រីកច្រវាក់ផលិតកម្មបន្លែសុវត្ថិភាព”។ ជាមួយគ្នានេះ គម្រោងបានគាំទ្រប្រព័ន្ធស្រោចស្រពផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដែលគ្រោងពង្រីកបន្ថែមចំនួន៣៣ខ្នង លើផ្ទះសំណាញ់ដែលមានស្រាប់ចំនួន៣ខ្នង (សរុបចំនួន ៣៦ខ្នង) ព្រមទាំងគាំទ្រលើការកសាងផ្លូវកសិកម្ម ប្រមាណ៦,១០គម និងលូរំដោះទឹក៨កន្លែង សរុបថវិកាចំនួន ៥១២,០០០ ដុល្លាអាមេរិក។
ទី២- “សហគមន៍កសិកម្មស្រ្តីរតនៈ” មានទីតាំងនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារសម្រាប់ “ពង្រីកទីផ្សារដំឡូងមីសរីរាង្គស្រស់ និងដំឡូងមីស្ងួត”។ ជាមួយគ្នានេះ គម្រោងបានគាំទ្រលើការស្ថាបនារផ្លូវកសិកម្មចំនួន២ខ្សែ មានប្រវែង ៧,១០គម សរុបថវិកាចំនួន ៤៦២,០០០ដុល្លាអាមេរិក។
គិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ មានសហគមន៍កសិកម្មចំនួន២៥ បានទទួលការឯកភាពពីគម្រោង សម្រាប់ការផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមចំនួនថវិកា ៤០% នៃសំណើទុនវិនិយោគមួយៗ លើផែនការពិពិធកម្ម។