គណៈកម្មការតម្រង់ទិសការងារអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានសារទរចំពោះលទ្ធផលដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ សម្រេចជោគជ័យតាមសូចនាករគម្រោងសង្គ្រោះបន្ទាន់ឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩

ចេញ​ផ្សាយ​ 18 Oct 2022
19650
ថ្ងៃអង្គារ ទី៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោក ហុក គឹមធួន អញ្ចើញចូលរួមពិភាក្សាការងារជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដក្រចេះ។ កិច្ចប្រជុំបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការតម្រង់ទិសគម្រោងពិពិធកម្មកសិកម្មកម្ពុជា។ សហការីអមដំណើររួមមាន អនុប្រធានមន្ទីរកសិកម្ម រួមជាមួយមន្រ្ដីពាក់ព័ន្ធនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដក្រចេះ មន្រ្តីជំនាញ និងទីប្រឹក្សារ សរុបចំនួន ១៤រូប ក្នុងនោះនារី ១រូប។
ឯកឧត្តម ប្រធានអង្គប្រជុំបានមានប្រសាសន៍បើកអង្គប្រជុំ និងស្តាប់របាយការណ៍វឌ្ឍនភាព បញ្ហា ប្រឈម និងការងារលើកទិសដៅអនុវត្តនាពេលអនាគត។ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់មន្ទីរ និងមន្រ្តីក្រោមឱវាទក្នុងការងារអនុវត្តគម្រោងសង្គ្រោះបន្ទាន់ឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ និងគម្រោងពិពិធកម្មកសិកម្មកម្ពុជាឱ្យទទួលបានជោគជ័យគួឱ្យកត់សម្គាល់។ ជាក់ស្តែងតាមរបាយការណ៍បានឱ្យដឹងថា ចំពោះគម្រោងសង្គ្រោះបន្ទាន់ឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ កសិករអ្នកទទួលផលចំនួន៣១គ្រួសារបានដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ សម្រេចបានបានទិន្នផលសរុប២៦៩ គ.ក្រ ក្នុងនោះទុកបរិភោគចំនួន៨៩គ.ក្រ និងលក់ចេញចំនួន១៨០គ.ក្រ។ ក្នុងនោះដែរមានផ្ទះសំណាញ់ចំនួន៣ទទួលបានផល៣៧០គ.ក្រ។ កសិករចំនួន៤២គ្រួសារ បានចិញ្ចឹមត្រី និងកង្កែបបាន៨,៥៤៦គ.ក្រ ក្នុងនោះទុកបរិភោគចំនួន២,៤៤៦ គ.ក្រ និងលក់ចេញចំនួន៦,១០០ គ.ក្រ ដោយគិតជាមធ្យមទទួល២០៣ គ.ក្រក្នុងមួយគ្រួសារ។ ជាមួយគ្នានេះដែរ ទ្រុងមានចំនួន១២០ទ្រុង បានដាក់ឱ្យដំណើរការចិញ្ចឹមមាន់ និងទទួលបានទិន្នផលចំនួន១០៥៦០គ.ក្រ លក់ចេញបាន៦៣,៣៦គ.ក្រ និងទុកហូបចំនួន៤២២៤គក្រ។
នៅរសៀលថ្ងៃដដែលបេសកកម្មដែលដឹកនាំដោយ ឯកឧត្តម ហ៊ាន វណ្ណហន និង លោក ហុក គឹមធួន និងសហការីបានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មសាមគ្គីមានសំណាង និងសមាជិកសហគមន៍កសិកម្មសម្បទានិកឃុំសំបុក-ចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលជាបេសកកម្មការងារតម្រង់ទិសអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជានៅថ្ងៃទី២។