លោក ហុក គឹមធួន ប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជាដឹកនាំរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការងារលទ្ធកម្មដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើងនៅខេត្តកំពង់ចាម

ចេញ​ផ្សាយ​ 18 Oct 2022
19655
ថ្ងៃសុក្រ ១៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារគ្រប់គ្រងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ដឹកនាំដោយលោក ហុក គឹមធួន ប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានកិច្ចសហការជាមួយក្រុមផ្តល់សេវាបច្ចេកទេសប្រចាំតំបន់៣ (TSP-Con 3) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការងារលទ្ធកម្មដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើងសម្រាប់ផលិតកម្មស្លឹកគ្រៃសុវត្ថិភាព និងផលិតកម្មមាន់ពូជក្នុងស្រុក ដែលមានទីតាំងនៅភូមិស្តុកធំ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។
វគ្គបណ្តុះបណ្តាលនេះ បានផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនរួមមាន៖ តួនាទី និងភារកិច្ចរបស់គណកម្មការលទ្ធកម្មរបស់សហគមន៍កសិកម្ម វិធីសាស្រ្ត និងដំណើរការធ្វើលទ្ធកម្មតាមជំហាននីមួយៗ ការរៀបចំកញ្ចប់លទ្ធកម្ម និងផែនការលទ្ធកម្មសម្រាប់មុខទំនិញ សំណង់ សេវាកម្មនីមួយៗ និងការរៀបចំសំណើពិគ្រោះថ្លៃ សំណើសម្រង់តម្លៃសម្រាប់មុខទំនិញ សំណង់ សេវាកម្មតាមទម្រង់ដូចមានចែងក្នុងសៀវភៅណែនាំលទ្ធកម្មសម្រាប់សហគមន៍កសិកម្ម។
វគ្គបណ្តុះបណ្តាលនេះដំណើរការ និងទទួលបានលទ្ធផលតាមការរំពឹងទុក ដោយសមាជិកគណកម្មការលទ្ធកម្មសហគមន៍ទទួលបានចំណេះដឹងកាន់តែច្បាស់ពីនីតិវិធី និងបែបបទលទ្ធកម្មសម្រាប់ការអនុវត្តផែនការធុរកិច្ចរបស់ខ្លួនឲ្យទទួលបានជោគជ័យតាមលទ្ធផលរំពឹងទុក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រគម្រោងពិពិធកម្មកសិកម្មកម្ពុជា តាមរយៈ https://casdp.maff.gov.kh/