ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចពិភាក្សាលើការកែលម្អទម្រង់សំណើផែនការសកម្មភាពពិពិធកម្មកសិកម្ម និងធុរកិច្ច ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា (ភាសារអង់គ្លេសនៅខាងក្រោម)

ចេញ​ផ្សាយ​ 18 Oct 2022
19700
ថ្ងៃសុក្រ ទី៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអង្គភាពអនុវត្តគម្រោង បានដឹកនាំការពិភាក្សាលើដំណើរការបង្កើតផែនការពិពិធកម្ម និងផែនការធុរកិច្ចពាក់ព័ន្ធ (DPI) ដើម្បីផ្តល់ការណែនាំពីការអនុវត្តជាក់ស្តែងដល់អ្នកពាក់ព័ន្ធដែលមានបំណងដាក់សំណើគម្រោងពិពិធកម្ម (DPr) និងអ្នកផ្តល់សេវាបច្ចេកទេស (TA) ដើម្បីមានស្តង់ដារមួយនិងត្រឹមត្រូវសម្រាប់ប្រើប្រាស់រាល់សំណើគម្រោងពិពិធកម្មទាំងអស់ (DPI)។
ក្នុងកិច្ចប្រជុំនោះដែរ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដឹកនាំដោយលោក ហុក គឹមធួន ប្រធានគម្រោង CASDP និងដំណាងភាគីពាក់ព័ន្ធបានពិភាក្សាលើគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនទាក់ទងទៅនឹងការធ្វើបច្ចុប្បន្នភាព DPI ដែលធនាគារពិភពលោក និងយោងស្មារតីនៃកិច្ចពិភាក្សាក្នុងអំឡុងពេលបេសកកម្មការងារអនុវត្តគម្រោងពាក់កណ្តាលអណត្តិ (MTR) របស់ធនាគារពិភពលោកដែលបានប្រារព្វធ្វើឡើងកន្លងទៅថ្មីៗនេះ។ ក្រុមការងារបច្ចេកទេសក៏បានពិភាក្សាអំពីទិដ្ឋភាពសំខាន់ៗមួយចំនួនដែលរំលិចនៅក្នុងទម្រង់ DPI រួមមាន បច្ចេកទេសហិរញ្ញវត្ថុ លទ្ធកម្ម សុវត្ថិភាពសង្គម និងបរិស្ថាន និងលទ្ធផលរំពឹងទុក។
DIPs ត្រូវបានបង្កើតឡើងក្នុងគោលបំណងណែនាំសហគមន៍កសិកម្ម និងអាជីវកម្មខ្នាតតូច និងមធ្យម ដោយបង្ហាញពីរបៀបរៀបចំផែនការវិនិយោគពិពិធកម្មកសិកម្មដែលអាចជួយឱ្យសំណើគម្រោងសម្រេចបាននូវគោលបំណងគម្រោង CASDP កាត់បន្ថយភាពក្រីក្រ និងផ្តល់ឱកាសថ្មីៗសម្រាប់ប្រព័ន្ធកសិកម្មវៃឆ្លាត និងមាននិរន្តរភាពរយៈពេលវែង។
កិច្ចប្រជុំនេះ ដឹកនាំដោយ លោក សុខ ខន ប្រធាននាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអញ្ជើញចូលរួមកិច្ចពិភាក្សាពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) អ្នកផ្តល់សេវាបច្ចេកទេស (TSPs) និងតំណាងភ្នាក់ងារអនុវត្តគម្រោងតាមតំបន់នីមួយៗ (Con1, 2, និង 3) ដែលបានជួបជុំគ្នានៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។