សំណើរគម្រោងរបស់ “សហគមន៌កសិកម្មតាសីសាមគ្គី” មកពីខេត្តបាត់ដំបង ទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមចំនួន៤០% ដើម្បី “ពង្រីកខ្សែច្រវាក់ផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់”

ចេញ​ផ្សាយ​ 29 Jul 2022
19833

ថ្ងៃច័ន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២  អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំ “គណៈកម្មការប្រឹក្សាយោបល់និងអនុម័ត” កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃសំណើពិពិធកម្ម និងកសិធុរកិច្ចសហគមន៍កសិកម្ម និងអនុម័តលើរបាយការណ៍វាយតម្លៃសំណើពិពិធកម្ម និងធុរកិច្ចសហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតនៅស្រុក ថ្មគោល ខេត្តបាត់ដំបង ដែលរៀបចំឡើងដោយគណៈកម្មការវាយតម្លៃ។

កិច្ចប្រជុំនេះបានដំណើរការតាមរយៈប្រព័ន្ធ Zoom ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការនៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត រួមមានសមាសភាពតំណាងមកពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជនមានជាអាទិ៍៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគម
មីក្រូហិរញ្ញវត្ថុកម្ពុជា។

“សហគមន៌កសិកម្មតាសីសាមគ្គី” មានទីតាំងនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមចំនួន៤០% នៃសំណើទុនវិនិយោគលើផែនការពិពិធកម្មដើម្បី “ពង្រីកខ្សែច្រវាក់ផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់” ដោយគ្រាន់តែកែសម្រួលព័ត៌​មានបន្ថែមមួយចំនួន។ ជាមួយនេះដែរ គម្រោងក៏បានគាំទ្រលើការកែលម្អផ្លូវកសិកម្មចំនួន០៥ខ្សែ ប្រវែង ៥,១២ គីឡូម៉ែត្រ និងបង្កើន ៨,១០០ ម៉ែត្របន្ថែម សរុបថវិកាប្រមាណ ៧៩២,០៩០ ដុល្លាអាមេរិក។

គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ មានសហគមន៌កសិកម្ម ចំនួន២២ បានទទួលការឯកភាពពីគម្រោង សម្រាប់ការផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមចំនួនថវិកា ៤០% នៃសំណើទុនវិនិយោគមួយៗ លើផែនការពិពិធកម្ម។