ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាប្រធានគណកម្មការដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 29 Jul 2022
19902

នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្កកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំពិភាក្សា អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងតម្រង់ទិសការអនុវត្ដគម្រោង CASDP ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ  និងជាប្រធានគណកម្មការដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP- Cambodia Agricultural Sector Diversification Project)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ រួមជាមួយមន្រ្ដីតាមផ្នែកពាក់ព័ន្ធនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដកំពង់ឆ្នាំង និងគណៈប្រតិភូអមដំណើរ សរុបចំនួន ១៣ រូប។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានដឹកនាំក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមកពីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងគណៈកម្មការសហគមន៍កសិកម្មពាក់ព័ន្ធបន្ដចុះត្រួតពិនិត្យវឌ្ឍនភាពការអនុវត្ដគម្រោង CASDP នៅខេត្ដគោលដៅចំនួន ០៤ រួមមាន៖ ខេត្ដកំពង់ឆ្នាំង កំពង់ធំ ព្រះវិហារ និងខេត្ដបាត់ដំបង ក្នុងចំណោម រាជ-ខេត្ដ អនុវត្ដគម្រោងទាំង ១៣ ។

គោលបំណងក្នុងដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពនេះគឺដើម្បី (១)ពិនិត្យស្ថានភាពទូទៅរបស់សហគមន៍កសិកម្ម និងពិភាក្សាអំពីសក្កានុពលកសិផលដែលអាចពង្រីកទីផ្សារ (២)ពិភាក្សាអំពីបទពិសោធន៍ និងលទ្ធភាពរបស់សហគមន៍កសិកម្ម ក្នុងការរៀបចំសំណើរពង្រីកសិធុរកិច្ច និងការឈានទល់ដល់ការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជាមួយគម្រោង (៣)ផ្ដល់អនុសាសន៍ដល់សហគមន៍កសិកម្ម អំពីដំណើរការនៃការរៀបចំសំណើកសិធុរកិច្ច និងព័ត៌មានពាក់ព័ន្ធ និង (៤)ពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសង្គ្រោះបន្ទាន់ឆ្លើយតបទៅនឹងវិបត្តិកូវីដ ១៩ (CERC)។

នៅថ្ងៃដដែល ឯកឧត្ដម ហ៊ាន វណ្ណហន រួមជាមួយលោកអនុប្រធានមន្ទីរ មន្រ្ដីពាក់ព័ន្ធតាមផ្នែកនៃមន្ទីរកសិកម្ម និងគណៈប្រតិភូអមដំណើរ បានចុះពិនិត្យ សួរសុខទុក្ខសមាជិកសមាជិការសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី នៅភូមិអណ្តូងវៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ ដែលគម្រោងពិនិត្យអនុម័តផ្តល់គម្រោងពង្រីកផលិតកម្ម ចិញ្ចឹមមាន់សាច់ពូជក្នុងស្រុក។ (អត្ថបទ៖ ឯកឧត្តម ហ៊ាន វណ្ណហន ៥ កក្កដា ឆ្នាំ ២០២១)។​