ឯកឧត្តម បណ្ឌិត ហ៊ាន វណ្ណហន និងលោកស្រីចំរើន មុទិតា អញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបេសកកម្មត្រួតពិនិត្យ និងវាយតម្លៃពាក់កណ្តាលអណត្តិនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 29 Jun 2022
20158
នៅព្រឹកថ្ងៃព្រហស្បតិ៍៩ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម បណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាប្រធានគណកម្មការតម្រង់ទិសគម្រោងពិពិធកម្មកសិកម្មកម្ពុជា រួមជាមួយលោកស្រី ចំរើន មុទិតា តំណាងធនាគាពិភពលោក បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលវាយតម្លៃពាក់កណ្តាលអណត្តិគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធមកពីអង្គភាពអនុវត្តគម្រោង វិស័យឯកជន មន្រ្តី និងបុគ្គលិកគម្រោងប្រហែល៥០រូប។
ក្រុមការងារធនាគារពិភពលោក និងក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានចុះត្រួតពិនិត្យ និងវាយតម្លៃពាក់កណ្តាលអាណត្តិលើគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។
ក្នុងពេលពេសសកកម្ម ក្រុមបេសកកម្មត្រួតពិនិត្យពាក់កណ្តាលអាណត្តិបានពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធសំខាន់ៗ រួមមានសមាជិកសហគមន៍កសិកម្ម (ACS) និងអ្នកទទួលផលគម្រោងសង្រ្គោះបន្ទាន់ឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ក្នុងខេត្តគោលដៅមួយចំនួនរួមមានកំពង់ចាម មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តបាត់ដំបង។
គម្រោង CASDP ត្រូវបានចាប់ផ្តើមអនុវត្តនៅខែមករា ឆ្នាំ២០១៩ ហើយមកដល់ពេលនេះ មានរយៈពេល ២ឆ្នាំកន្លះចាប់តាំងពីកាលបរិច្ឆេទចាប់ផ្តើមជាផ្លូវការមក។
ក្នុងកិច្ចពិភាក្សានោះដែរ ក្រុមការងារបេសកកម្ម បានបង្ហាញពីសមិទ្ធិផលសំខាន់ៗមួយចំនួនរួមមានសកម្មភាពអនុវត្តគម្រោង CERC មានការចិញ្ចឹមមាន់ ចិញ្ចឹមត្រីនិងកង្កែប និងការដាំបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ និងការអនុវត្តគម្រោង CASDP និងវឌ្ឍនភាពនៃការអនុម័តសំណើរគម្រោងពិពិធកម្មកសិកម្មរបស់សហគមន៍កសិកម្ម (DPIs) ។ល។
ជាការកត់សំគាល់ មានលទ្ធផលជាវិជ្ជមានមួយចំនួនក្នុងចំណោមលទ្ធផលជាច្រើនដែលក្រុមការងារបេសកកម្មបានបង្ហាញនោះគឺការសម្រេចបានដោយជោគជ័យ ដោយបានបញ្ចប់ទាន់ពេលវេលា (ពោលគឺក្នុងកំឡុងខែមិថុនា ឆ្នាំ២០២២) ជាមួយនិងថវិកាដែលបានគ្រោងទុក។ សម្រាប់ការអនុវត្ត CASDP ក្រុមការងារគ្រប់គ្រងគម្រោង CASDP បានប្រកាសថាសំណើរពិពិធកម្មកសិកម្មចំនួន ២២ (DPIs) ដែលបានស្នើរឡើងដោយដោយ ACs ត្រូវបានអនុម័តយល់ព្រមដើម្បីទទួលបានជំនួយវិនិយោគបំពេញបន្ថែមចំនួន៤០%នៃផលទុនសរុប។
ជារួមក្រុមការងារបេសកកម្មបានបញ្ចប់បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃពាក់កណ្តាលអាណត្តិគម្រោង CASDP ប្រកបដោយផ្លែផ្ការ និងមានផលិតភាពខ្ពស់។