គម្រោង CASDP កំពុងគាំទ្រសហគមន៍ពន្លឺថ្មីពេជ្យចិន្តា សំដៅប្រែក្លាយដីដែលធ្លាប់ជាដីមានគ្រាប់មីនមិនទាន់ផ្ទុះទៅជាដីដែលមានផ្ទះសំណាញ់បន្លែសុវត្ថិភាពចំនួន ២៣១ ខ្នង

ចេញ​ផ្សាយ​ 20 Jun 2022
20216

ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃចុងក្រោយនៃកម្មវិធីបេសកកម្មត្រួតពិនិត្យនិងវាយតម្លៃពាក់កណ្តាលអាណត្តិគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រុមការងាររបស់ធនាគារពិភពលោក និងក្រុមការងារគ្រប់គ្រងគម្រោង CASDP បានចុះទស្សនកិច្ចនៅសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តាស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

គម្រោង CASDP បានអនុម័តសំណើពិពិធកម្មកសិកម្មដែលស្នើរដោយសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា។ សំណើនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផលិតកម្ម និងពង្រីកបរិមាណផលិតកម្មបន្លែសុវត្ថិភាព ដែលអនុលោមតាមស្តង់ដារអនុវត្តកសិកម្មកល្អ (GAP) ដែលផលិតដោយសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា។

គម្រោង CASDP កំពុងគាំទ្រសហគមន៍ពន្លឺថ្មីពេជ្យចិន្តា សំដៅប្រែក្លាយដីដែលធ្លាប់ជាដីមានគ្រាប់មីនមិនទាន់ផ្ទុះទៅជាដីដែលមានផ្ទះសំណាញ់ចំនួន ២៣១ ដែលនឹងផ្គត់ផ្គង់បន្លែនិងផ្លែឈើស្រស់ដល់គ្រួសារក្នុងស្រុកនិងមានដាក់លក់នៅក្នុងកន្ត្រកនៅតាមទីផ្សារទំនើបក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងទៀត។ តាមការគ្រោងទុក បន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់នឹងកើនឡើងពី ៦៩,៦០០ គីឡូក្រាម ក្នុងផ្ទះសំណាញ់ចំនួន៣០ ក្នុងឆ្នាំដំបូង បន្ទាប់មករហូតដល់ ៧៦,៥៦០ គីឡូក្រាម ក្នុងឆ្នាំទី២ ឡើងដល់ ៨៤,២១៦ គីឡូក្រាមក្នុងឆ្នាំទី៣ ។