កសិករ ឈួង ឈាត មានចំណាប់អារម្មណ៍លើបច្ចេកទេសដាំបន្លែនៅក្នុងផ្ទះសំណាញ់

ចេញ​ផ្សាយ​ 20 Jun 2022
20111

“ខ្ញុំជាកសិករដាំបន្លែក្នុងក្រុមដំបូងគេដែលបានទទួលការបណ្តុះបណ្តាលអំពីរបៀបដាំបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ដែលជាផ្នែកមួយនៃសកម្មភាពគាំទ្រដោយគម្រោងសង្គ្រោះបន្ទាន់ឆ្លើយតប​ទៅ​នឹងវិបត្តិកូវីដ១៩ (CERC) នៅភូមិមានជ័យ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ការបណ្តុះនេះបានធ្វើឱ្យខ្ញុំមានការផ្លាស់ប្តូរយ៉ាងច្រើននូវបច្ចេកដាំបន្លែ” នេះជាប្រសាសន៍ លោក ឈួង ឈាត កសិករ​ទទួលផលពីគម្រោងដាំបន្លែសុវត្ថិភាពដែលបានរៀបរាប់ជូនក្រុមការងារបេសកកម្មរបស់ធនាគារពិភពលោក និងថ្នាក់ដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ផ្ទះសំណាញ់របស់គាត់។

គម្រោង CERC បានគាំទ្រកសិករខ្នាតតូចក្នុងការដាំដុះបន្លែសិវត្ថភាព ឱ្យទទួលបានទិន្នផលខ្ពស់សម្រាប់លក់នៅលើទីផ្សារបើប្រៀបធៀបទៅនឹងការដាំដុះលើដីផ្ទាល់។ កិច្ចអន្តរាគមន៍បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្តល់​ធាតុ​ចូល​កសិកម្ម ការ​បណ្តុះបណ្តាល​លើ​ការ​ដាំដុះ​តាមលក្ខណៈ​បច្ចេកទេស និងសកម្មភាព​តាមដានខ្សែសង្វាក់ផលិតកម្ម។

កម្មវិធីត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងពាក់កណ្តាលអណត្តិ បានចាប់ផ្តើមនៅថ្ងៃទី២​សម្រាប់រយៈពេលមួយសប្តារហ៍។ ក្នុងជំនួបជាមួយអ្នកទទួលផលគម្រោង ក្រុមការងារបានពិភាក្សាដោយផ្តោតលើសកម្មភាពរបស់ CERC ជាពិសេសលទ្ធផលនៃការដាំបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ដែលរបស់គ្រួសារក្រីក្រដែលរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ១៩ មានដែលបានបង្កើតឡើងក្រោមគម្រោង​ (CASDP) ។ កិច្ចប្រជុំបានចែករំលែកបទពិសោធន៍ជាមួយអ្នកចូលរួមជាច្រើនក្នុងគោលដៅកាត់បន្ថយហានិភ័យពីផលប៉ះពាល់នៃជំងឺ Covid-19 ដោយរំពឹងយ៉ាងថានឹងមានការប្រែប្រួលប្រាក់ចំណូលដែលគ្រួសារនីមួយៗទទួលបាន ដោយអាចដោះស្រាយបញ្ហាលំបាក់ខ្លះៗចាប់ពីគ្រួសារដល់សហគមន៍ទាំងមូល។