បេសកកម្មរបស់លោកនាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងក្រុមការងារធនាគារពិភពលោក ដើម្បីត្រួតពិនិត្យការអនុវត្តគម្រោងពាក់កណ្តាលអណត្តិ

ចេញ​ផ្សាយ​ 20 Jun 2022
19986

នៅថ្ងៃច័ន្ទទី១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦​ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារបេសកកម្មរបស់ធនាគារពិភពលោកដឹកនាំដោយ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងក្រុមការងារ ធនាគារពិភពលោកដឹកនាំ​ដោយ​លោកស្រី ចំរើន មុទិតា ជំនាញការអភិវឌ្ឍន៍ ជនបទ រួមដំណើរដោយ ដំណាង ភ្នាក់ងារអនុវត្តគម្រោង CASDP មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម និងវិស័យឯកជន បានអញ្ជើញធ្វើទស្សនកិច្ច ត្រួតពិនិត្យ និងវាយ​តម្លៃ​ពាក់កណ្តាលអណត្តិ នៃការអនុវត្ត គម្រោង CASDP នៅទីតាំងសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង នៅស្រុកជើង​ព្រៃ ខេត្តកំពង់ចាម ដែលជាកន្លែងគ្រោងនឹងសអនុវត្តសកម្មភាពកសិកម្មចម្រុះរួមមានការចិញ្ចឹមគោ​យក​​​​​សាច់ និងការអនុវត្តកសិកម្មល្អសម្រាប់បន្លែសុវត្ថិភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលបច្ចុប្បន្នស្ថិតនៅក្នុងដំណាក់កាលនៃដំណើរការចុះកិច្ចព្រមព្រៀងនៅឡើយ។

នៅក្នុងកិច្ចប្រជុំនោះដែរ ក្រុមការងារបេសកកម្មត្រួតពិនិត្យពាក់កណ្តាលអាណត្តិរបស់គម្រោង CASDP បានសិក្សាស្វែងយល់បន្ថែមពីការកំណត់នូវកាលានុវត្ថភាពទីផ្សារថ្មីៗសម្រាប់ផលិតផលកសិកម្ម និងសេវាកម្ម។ ក្រុមការងារ​បេសកកម្មបានចាប់ផ្តើមដោយការជួបជាមួយតំណាងសហគមន៍ និងកសិករខ្នាតតូចនៅមជ្ឈមណ្ឌលទីផ្សារកសិផល និងបានស្តាប់ពីរបៀបដែលសហគមន៍ជនបទប្រកាន់យកនូវបទដ្ឋានបច្ចេកទេសកសិកម្ម​​​ល្អ។ ក្រុមការងារក៏បានពិភាក្សាផងដែរ ពីឱកាសក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់អត្ថប្រយោជន៍ដល់ការដឹកជញ្ជូនផលិត​ផលកសិកម្មទៅកាន់ទីផ្សារក្នុងស្រុក និងជួយសម្រួលដល់ការចាប់ផ្តើមអាជីវកម្មខ្នាតតូច និងផលិតកម្មកសិកម្មតាមទីផ្សារតម្រង់ទិស ដូចនៅក្នុងសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើងនេះឯង។