ឯកឧត្ដម ហ៊ាន វណ្ណហន បានលើកទឹកចិត្តសហគមន៍កសិកម្មឃុំសូរ្យសែនចិញ្ចឹមគោយកសាច់ និងបន្លែសុវរ្ថភាព អនុវត្តផែនការសកម្មភាពស្របតាមស្តង់ដារ និងបច្ចេកទេសផលិតកម្មខ្សែរចង្វាក់តម្លៃត្រឹមត្រូវ

ចេញ​ផ្សាយ​ 23 Apr 2022
34688

ថ្ងៃសុក្រ ៦ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២  ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការតម្រង់ទិសនៃគម្រោងពិពិធ កម្មកសិកម្មកម្ពុជាបានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពសកម្មភាពការចិញ្ចឹមមាន់ ត្រីនិងកង្កែប និង​ការដាំ​បន្លែ និងជួបពិភាក្សាជាមួយគណកម្មការនិងសមាជិកក្រុមផលិតផែនការអាជីវកម្មចិញ្ចឹមគោយកសាច់ និង​ដាំបន្លែសុវត្ថិភាពនៅភូមិត្រពាំងត្នោត ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាសកម្មភាព​អនុវត្ត​ក្រោមកម្មវិធី​សង្គ្រោះបន្ទាន់ដោយសារការរីករាល​ដាលនៃជំងឺកូវីដ១៩។ ឯកឧត្តម ក៏បានពិនិត្យវឌ្ឍនភាព​ផែនការ​​អាជីវកម្ម​ចិញ្ចឹមគោយកសាច់ និងដាំបន្លែសុវត្ថិភាពដែលបាន​អនុម័តរួចហើយ  ក្រោមគម្រោងពិពិធកម្ម​កសិកម្មកម្ពុជា។ ក្រុមការងារ​អញ្ជើញ​រួមដំណើរ​ជាមួយឯកឧត្តមប្រធានរួមមាន មន្ត្រី និងទីប្រឹក្សាគម្រោង អមដោយមន្ត្រី​នៃមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ ខេត្តកំពង់ចាម។

ដំណើរទស្សនៈកិច្ចនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖​

១).​ពង្រឹងការងារ​បច្ចេកទេស ជាពិសេសផែនការអនុវត្តកម្មវិធីកសិធុរកិច្ចនៅថ្នាក់ក្រោមជាតិ ដោយ​មាន​​ជំនួយពី​ក្រុមការងារថ្នាក់ជាតិ។

២).ពិនិត្យ​ស្ថានភាពទូទៅរបស់សហគមន៍ និងពិភាក្សាពី​សក្តានុពលកសិផលដែលអាចពង្រីកទីផ្សារ​ជួបជាមួយអ្នកពាក់​ព័ន្ធដើម្បីពិភាក្សាពីបទពិសោធន៍ និងលទ្ធភាពរបស់សហគមន៍កសិកម្ម​ក្នុង​ការរៀបចំ​សំណើរ​ពង្រីកកសិធុរកិច្ច។

៣).ផ្តល់អនុសាសន៍ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដគោលដៅ និងសហគមន៍​កសិកម្ម​អំពី​​ដំណើរ​ការនៃការរៀបចំសំណើរកសិធុរកិច្ច និងព័ត៌មានពាក់ព័ន្ធ។

ក្រោយពីបានជួបពិភាក្សាជាមួយគណកម្មការ និងសមាជិកក្រុមផលិតអំពីផែនការអាជីវកម្ម​ដែលបាន​អនុម័តដោយផ្ដោតទៅលើការចិញ្ចឹមគោយកសាច់ និងដាំបន្លែសុវត្ថិភាពរួចមក  ឯកឧត្ដម ហ៊ាន វណ្ណហន បាន​ចុះ​ទៅពិនិត្យដោយផ្ទាល់ដល់កន្លែងចិញ្ចឹមគោ និងដាំដុះបន្លែ។

ក្នុងជំនួបជាមួយសហគមន៍ ឯកឧត្តមប្រធានបានផ្តល់អនុសាសន៍ថា សហគមន៍កសិកម្ម   និងក្រុម​ផលិត​​គួរតែផ្លាស់ប្ដូរទីតាំងចិញ្ចឹមគោពីក្រោមផ្ទះ មកទីតាំងណាមួយដែលនៅជិតផ្ទះ ​និងមានរោងច្បាស់លាស់  និងចិញ្ចឹមប្រកបដោយបច្ចេកទេស។​ រីឯការផ្ដល់ចំណីដល់គោគួរតែជាចំណីផ្សំ ដើម្បីភាពលូតលាស់របស់គោ​បានឆាប់រហ័ស និងឆាប់បានចរាចរលើទីផ្សារ។​ ចំពោះការដាំបន្លែវិញ ការដាំដុះបន្លែត្រូវមាន​លក្ខណ​បច្ចេក​ទេស  និងឲ្យបានត្រឹមត្រូវទាំងការដាំដុះ ការថែទាំ និងការប្រមូលផល។​ សហគមន៍កសិកម្ម​ត្រូវព្យាយាម​ស្វែងរក​ដៃគូអាជីវកម្មកសិកម្ម និងទីផ្សារសម្រាប់ផលិតផលទាំងពីរឲ្យបានទូលំទូលាយ។