សហគមន៍កសិកម្មនៅស្រុងថ្ពងមានសុទិដ្ឋិនិយមចំពោះការផលិតបន្លែសរីរាង្គ និងទទួលបានទីផ្សារបន្លែនៅតាមទីផ្សារធំៗ

ចេញ​ផ្សាយ​ 23 Apr 2022
34710

ថ្ងៃពុធ ៤រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២០៥៦៥ ត្រូវនិងថ្ងៃទី២០ ខែមេសា ឆា្នំ២០២២ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការតម្រង់ទិសនៃគម្រោងពិពិធកម្ម កសិកម្មកម្ពុជាបានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពសកម្មភាពចិញ្ចឹមមាន់ ត្រីនិងកង្កែប និងសហគមន៍​ការដាំបន្លែសុវត្ថិភាពនៅភូមិតាកោង ឃុំថ្ពង ស្រុកអមឡាំង ខេត្តកំពង់ ដែលជាសកម្មភាពអនុវត្តក្រោមកម្មវិធី​សង្គ្រោះបន្ទាន់ដោយសារការរីករាល​ដាលនៃជំងឺកូវីដ១៩ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា។ ក្រុមការងារ​អញ្ជើញ​រួមដំណើរ​ជាមួយឯកឧត្តមប្រធានរួមមាន មន្ត្រី និងទីប្រឹក្សាគម្រោង អមដោយមន្ត្រី​នៃមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ ខេត្តកណ្តាល។

ដំណើរទស្សនៈកិច្ចនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖​ ពង្រឹងការងារបច្ចេកទេស ជាពិសេសផែនការអនុវត្តកម្មវិធីកសិធុរកិច្ចនៅថ្នាក់ក្រោមជាតិ ដោយ​មាន​​ជំនួយពី​ក្រុមការងារថ្នាក់ជាតិ ពិនិត្យ​ស្ថានភាពទូទៅរបស់សហគមន៍ និងពិភាក្សាពី​សក្តានុពលកសិផលដែលអាចពង្រីកទីផ្សារ​ជួបជាមួយអ្នកពាក់​ព័ន្ធដើម្បីពិភាក្សាពីបទពិសោធន៍ និងលទ្ធភាពរបស់សហគមន៍កសិកម្ម​ក្នុង​ការរៀបចំ​សំណើរពង្រីកកសិធុរកិច្ច​ ផ្តល់អនុសាសន៍ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដគោលដៅ និងសហគមន៍កសិកម្មអំពី​ដំណើរ​ការនៃការរៀបចំសំណើរកសិធុរកិច្ច និងព័ត៌មានពាក់ព័ន្ធ។

ក្នុងជំនួបជាមួយមន្ទីកសិកម្មខេត្តកំពង់ស្ពឺ និងសមាជិកសហគមន៍កសិកម្ម ឯកឧត្តមបានស្តាប់ របាយការណ៍​ស្តីពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីសង្គ្រោះបន្ទាន់ (CERC) នៅក្នុងខេត្ត។ ជាមួយសមាជិក សមាជិក​​សហគន៍កសិកម្ម (AC) ឯកឧត្តមបានពិភាក្សាអំពីទស្សនទាននៃផលប៉ះពាល់ជាវិជ្ជមានដល់បរិស្ថាន ចំពោះកសិកម្មសរីរាង្គ និងអត្ថប្រយោជន៍ផ្នែកសុខភាពពីបន្លែសរីរាង្គ តម្លៃបន្លែសរីរាង្គ លទ្ធភាពនៃការដាក់លក់ នៅតាមទីផ្សារនិងហាងលក់បន្លែសរីរាង្គ និងប្រាក់ចំណូលគ្រួសារ និងអំណោយផលចំពោះការទទួល​ទានបន្លែ​សរីរាង្គ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅពេលដែលសហគមន៍កសិកម្មអភិវឌ្ឍន៍បន្លែសរីរាង្គ (AC) ត្រូវបាន​អនុវត្តន៍យ៉ាងពេញលេញ ពេលនោះសមាជិកសហគមន៍នឹងដាំបន្លែសរីរាង្គជាច្រើនប្រភេទ ហើយដាក់លក់​ដោយ​ផ្ទាល់ដល់អ្នកប្រើប្រាស់ តាមរយៈការវេចខ្ចប់ផលិផលកសិកម្មគាំទ្រដោយសហគមន៍ និងនៅតាមទីផ្សារ​កសិករ ហាងលក់គ្រឿងទេស និងកន្លែងលក់នៅកសិដ្ឋានតែម្តង។ ស្របពេលជាមួយគ្នានេះ យើងអាចសម្រេច​គោលដៅនេះបាន ទាមទារឱ្យយើងមានផែនការអាជីវកម្មច្បាស់លាស់ និងការចូលរួមយ៉ាងសកម្មរបស់សមាជិក​សហគមន៍កសិកម្មទាំងអស់។