ភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - ការិយាល័យសម្របសម្រួលគម្រោង បានរៀបចំត្រៀមរៀបចំសម្រាប់បេសកកម្មពិនិត្យការអុនវត្តពាក់កណ្តាលគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) ដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តគម្រោង CASDP ។
កិច្ចប្រជុំ Pre-MTR ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោង CASDP និងមានការអញ្ជើញចូលរួមដោយ លោកបណ្ឌិត ស ចិត្រា នាយកគម្រោង CASDP លោក ហុក គឹមធួន ប្រធានគម្រោង CASDP និងតំណាងធនាគារពិភពលោក ដឹកនាំដោយ លោកស្រី Dina Umali-Deininger នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារ និងកសិកម្ម ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី រួមជាមួយ លោកស្រី ចំរើន មុទិតា អ្នកឯកទេសអភិវឌ្ឍន៍ជនបទ និងលោកស្រី គង់ លីដែន មន្រ្តីធនាគារពិភពលោកប្រចាំកម្ពុជា។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ និងវិស័យឯកជនចំនួន ៦៥នាក់ ក្នុងនោះស្រី ៣៥នាក់។
កិច្ចប្រជុំ Pre-MTR មានគោលបំណងពិនិត្យ និងចែករំលែកវឌ្ឍនភាពនៃការអនុវត្តគម្រោង CASDP ពិភាក្សា លើលទ្ធភាពកែសម្រួលយន្នការអនុវត្តក្នុងក្របខណ្ឌគម្រោង CASDP ព្រមទាំងពិនិត្យនិងយល់ស្របលើកាលបរិច្ឆេទសមស្របសម្រាប់ការរៀបចំបេសកកម្មត្រួតពិនិត្យការអនុវត្តពាក់កណ្តាលគម្រោងនាពេលខាងមុខ។
មានប្រសាសន៍ស្វាគមន៍ទៅកាន់អង្គប្រជុំ ឯកឧត្តម បណ្ឌិត ហ៊ាន វណ្ណហាន បានសម្តែងការពេញចិត្តចំពោះខ្លឹមសារនៃរបៀបវារៈកិច្ចប្រជុំ Pre-MTR និងការរៀបចំសកម្មភាពចាំបាច់មួយចំនួនសម្រាប់បេសកកម្មត្រួតពិនិត្យការអនុវត្តពាក់កណ្តាលគម្រោងខាងមុខនេះ ដែលជាចំនុចសំខាន់ក្នុងការពិភាក្សាលើឯកសារពាក់ព័ន្ធជាមួយក្រុមការងារធនាគារដើម្បីទទួលបានធាតុចូលជាមុន។ ឯកឧត្តម បានសង្កត់ធ្ងន់ថា អង្គប្រជុំថ្ងៃនេះនឹង ពិនិត្យឡើងវិញផងដែរនវរាល់សកម្មភាព និងលទ្ធផលដែលបានអនុវត្តគម្រោង CASDP កន្លងមក និងចែករំលែកការអនុវត្តល្អបំផុត និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតដើម្បីពន្លឿនការអនុវត្តគម្រោង CASDP ។
កិច្ចប្រជុំ Pre-MTR លើកទី៥ គ្រោងនឹងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២២។ ក្នុងឱកាសនោះ នឹងមាន ការអញ្ជើញចូលរួមដោយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តំណាងធនាគារពិភពលោក តំណាងអង្គភាព អនុវត្តគម្រោង (AIs) វិស័យឯកជន និងតំណាងសហគមន៍កសិកម្ម (ACs) មកពី តំបន់គោលដៅគម្រោង។