ព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោក បណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងធនាគារពិភពលោក ដឹកនាំដោយលោកស្រី Dina Umali-Deininger នាយប្រតិបត្តិផ្នែកចំណីអាហារ និងកសិកម្មនៃធនាគារពិភពលោក មានមូលដ្ឋាននៅប្រទេសសីង្ហបូរី។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផងដែររួមមាន លោកស្រី ចំរើន មុទិតា មន្រ្តីឯកទេសជាន់ខ្ពស់អភិវឌ្ឍន៍ជនបទ និងលោកស្រី គង់ លីដែន មន្រ្តីនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា និងមន្រ្តីពាក់ព័ន្ធមកពីក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៌ជនបទ សរុប២៣នាក់ និង០៦នាក់ជាស្រ្តី។
កិច្ចប្រជុំមានគោលបំណងពិនិត្យវឌ្ឍនៈភាពនៃការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា សិក្សាឈ្វេងយល់អំពីគម្រោង CASDP សមិទ្ធផលដែលសម្រេចបាន និងបញ្ហាប្រឈមនានាដែលអង្គភាពអនុវត្តកំពុងជួបប្រទះ សំដៅដាក់ចេញនូវវិនធានការឆ្លើយតបបន្ទាន់ ជាពិសេសក្នុងគ្រាមានវិបត្តិកូវីដ១៩។ ឈ្លៀតក្នុងឱកាសនោះដែរ កិច្ចប្រជុំក៏បានពិភាក្សាផងដែរនូវលទ្ធភាពជំនួយបន្ថែមក្រោមគម្រោង CASDP លើផែនការវិនិយោគកសិកម្មឆ្លាតវៃស្របតាមអាកាសធាតុ (CSAIP) ព្រមទាំងពិភាក្សាលើសមាសភាគឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីត១៩ ដែលត្រូវជម្រុញផលិតកម្មបន្លែនៅក្នុងផ្ទះសំណាញ់ ផលិតកម្មត្រី និងផលិតកម្មមាន់ផងដែរ។