កិច្ចប្រជុំ “គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត” ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃលើសំណើពិពិធកម្ម និងកសិធុរកិច្ចសហគមន៍កសិកម្មកន្ធី២សាមគ្គីបាណន់មានជ័យ និងសហគមន៍កសិកម្មឃុំពពេលរុងរឿង

ចេញ​ផ្សាយ​ 12 Mar 2022
35764

ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានរៀបចំកិច្ចប្រជុំ “គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត” កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃលើសំណើពិពិធកម្ម និងកសិធុរកិច្ចសហគមន៍កសិកម្មកន្ធី២សាមគ្គីបាណន់មានជ័យ និងសហគមន៍កសិកម្មឃុំពពេលរុងរឿង។ 
កិច្ចប្រជុំនេះបានដំណើរការតាមរយៈប្រព័ន្ធZoom ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដែលមានសមាសភាពជាតំណាង មកពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជន មានដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ជាលទ្ធផល គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត បានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើរបាយការណ៍វាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនីមួយៗដែលបានកំណត់ និងបានឯកភាពលើរបាយការណ៍ ដោយអនុញ្ញាតិសហគមន៍កសិកម្មកន្ធី២សាមគ្គីបាណន់មានជ័យនៅភូមិប៉ុស្តិកន្ធី២ ឃុំកន្ធី២  ស្រុកបាណន់ ខេត្តបាត់ដំបងលើការពង្រឹងពង្រីកទីផ្សារ មាន់ស្រែក្តីសង្ឃឹមថ្មី និងសហគមន៍កសិកម្ម នៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាបលើការពង្រឹងពង្រីកផលិតកម្មជ្រូកយកសាច់ និងផលិតកម្មជ្រូកកូន។ ដោយអនុញ្ញាតិឱយសហគមន៍កសិកម្មទាំងពីរអាចបន្តទៅជំហានទី២ក្នុងការរៀបចំផែនការពិពិធកម្ម និងកសិធុរកិច្ចលម្អិតរបស់ខ្លួនរួចផ្ញើមកអង្គភាពសម្របសម្រួលគម្រោងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីរយៈពេល២១ថ្ងៃនៃការជូនដំណឹងជាផ្លូវការ។ សូមជម្រាបជូនថា គ្រប់សហគមន៍កសិកម្ម ឬក្រុមផលិតដែលនឹងទទួលបានជាស្ថាពរនូវហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគទៅតាមការស្នើសុំបន្ទាប់ពីទទួលបានការអនុម័តជាស្ថាពរលើផែនការធុរកិច្ចដោយគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត។