កិច្ចប្រជុំ “គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត” ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃលើសំណើពិពិធកម្ម និងកសិធុរកិច្ចសហគមន៍កសិកម្មក្តីសង្ឃឹមកសិករ

ចេញ​ផ្សាយ​ 19 Jan 2022
35138
ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានរៀបចំកិច្ចប្រជុំ “គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត” កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃលើសំណើពិពិធកម្ម និងកសិធុរកិច្ចសហគមន៍កសិកម្មក្តីសង្ឃឹមកសិករ និងអនុម័តលើរបាយការណ៍វាយតម្លៃលើផែនការពិពិធកម្ម និងផែនការធុរកិច្ចសហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ ដែលរៀបចំឡើងដោយគណៈកម្មការវាយតម្លៃ។
កិច្ចប្រជុំនេះបានដំណើរការតាមរយៈប្រព័ន្ធZoom ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដែលមានសមាសភាពជាតំណាង មកពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជន មានដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ជាលទ្ធផល គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត បានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើរបាយការណ៍វាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនីមួយៗដែលបានកំណត់ និងបានឯកភាពលើរបាយការណ៍ ដោយអនុញ្ញាតិឲ្យសហគមន៍កសិកម្មកសិកម្មក្តីសង្ឃឹមកសិករនៅភូមិបីម៉ែត្រ ឃុំ ទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ អាចបន្តទៅជំហ៊ានទី២ក្នុងការរៀបចំផែនការធុរកិច្ចលម្អិត លើផលិតកម្មពង្រឹងពង្រីកទីផ្សារដំឡូងមី របស់ខ្លួន។អនុញ្ញាតិឲ្យសហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ទទួលបានការគាំទ្រហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគលើការពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីរបស់ខ្លួនដោយតម្រូវឱ្យមានការពិនិត្យ និងកែសម្រួលព័ត៌មានមួយចំនួនក្នុងផែនការពិពិធកម្ម និងផែនកាធុរកិច្ចដូចមានជូនភ្ជាប់របាយការណ៍វាយតម្លៃរបស់គណកម្មការវាយតម្លៃជាមួយស្រាបនិងផ្ញើមកអង្គភាពគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញបន្ទាប់ពីរយៈពេល២១ថ្ងៃនៃថ្ងៃជូនដំណឹងជាផ្លូវការពីអង្គភាពគ្រប់គម្រោង។ សូមជម្រាបជូនថា គ្រប់សហគមន៍កសិកម្ម ឬក្រុមផលិតដែលនឹងទទួលបានជាស្ថាពរនូវហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគទៅតាមការស្នើសុំបន្ទាប់ពីទទួលបានការអនុម័តជាស្ថាពរលើផែនការធុរកិច្ចដោយគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត។