ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានរៀបចំកិច្ចប្រជុំ “គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត” កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃលើសំណើពិពិធកម្មនិងកសិធុរកិច្ចសហគមន៍កសិកម្មកសិករបណ្តាញស្រុកសំបូរ និងសហគមន៍កសិកម្មបន្លែចម្រុះជាយក្រុងកំពង់ស្ពឺ ដែលរៀបចំឡើងដោយគណៈកម្មការវាយតម្លៃ។
កិច្ចប្រជុំនេះបានដំណើរការតាមរយៈប្រព័ន្ធZoom ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដែលមានសមាសភាពជាតំណាង មកពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជន មានដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ជាលទ្ធផល គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត បានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើរបាយការណ៍វាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនីមួយៗដែលបានកំណត់ និងបានឯកភាពលើរបាយការណ៍ ដោយអនុញ្ញាតិឲ្យសហគមន៍កសិកម្មកសិករបណ្តាញស្រុកសំបូរនៅភូមិ សណ្តាន ឃុំសណ្តាន ស្រុកសំបូរ ខេត្តក្រចេះ អាចបន្តទៅជំហ៊ានទី២ក្នុងការរៀបចំផែនការធុរកិច្ចលម្អិត លើផលិតកម្មកូនមាន់ និងមាន់សាច់ របស់ខ្លួន។និងអនុញ្ញាតិឲ្យសហគមន៍កសិកម្មបន្លែចម្រុះជាយក្រុងកំពង់ស្ពឺ នៅភូមិចម្ការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ អាចបន្តទៅជំហ៊ានទី២ក្នុងការរៀបចំផែនការធុរកិច្ចលម្អិត លើការពង្រីកផលិតកម្មបន្លែសុវត្ថិភាព របស់ខ្លួនដោយតម្រូវឲ្យមានការពិនិត្យនិងកែសម្រួលព័ត៌មានមួយចំនួនក្នុងសំណើពិពិធកម្ម និងកសិធុរកិច្ចដូចមានជូនភ្ជាប់របាយការណ៍វាយតម្លៃរបស់គណកម្មាធិការវាយតម្លៃជាមួយស្រាប និងផ្ញើមកអង្គភាពគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិញ បន្ទាប់ពីរយៈពេល២១ថ្ងៃនៃថ្ងៃជូនដំណឹងជាផ្លូវការពីអង្គភាពគ្រប់គម្រោង។ សូមជម្រាបជូនថា គ្រប់សហគមន៍កសិកម្ម ឬក្រុមផលិតដែលនឹងទទួលបានជាស្ថាពរនូវហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគទៅតាមការស្នើសុំបន្ទាប់ពីទទួលបានការអនុម័តជាស្ថាពរលើផែនការធុរកិច្ចដោយគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត។