ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានរៀបចំកិច្ចប្រជុំ “គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត” កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃផែនការពិពិធកម្ម និងផែនការធុរកិច្ច សហគមន៍កសិកម្មសាមគ្គីរហ័សមានជ័យ និងសហគមន៍កសិកម្មសាមគ្គីរុងរឿង ដែលរៀបចំឡើងដោយគណៈកម្មការវាយតម្លៃ។
កិច្ចប្រជុំនេះបានដំណើរការតាមរយៈប្រព័ន្ធZoom ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដែលមានសមាសភាពជាតំណាង មកពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជន មានដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ជាលទ្ធផល គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត បានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើរបាយការណ៍វាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនីមួយៗដែលបានកំណត់ និងបានឯកភាពលើរបាយការណ៍ ដោយអនុញ្ញាតិឲ្យសហគមន៍កសិកម្មសាមគ្គីរហ័សមានជ័យ នៅភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ ទទួលបានការគាំទ្រហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគលើការពង្រីកខ្សែច្រវាក់ផលិតកម្មទិញ លក់គ្រាប់ស្វាយចន្ទី សរីរាង្គ និងសហគមន៍កសិកម្មសាមគ្គីរុងរឿង ស្ថិតនៅភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ទទួលបានការគាំទ្រហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគលើការពង្រីកផលិតកម្មទីផ្សាទិញ លក់ គ្រាប់ស្វាយចន្ទីសរីរាង្គដោយមានជូនភ្ជាប់របាយការណ៍វាយតម្លៃរបស់គណៈកម្មការវាយតម្លៃមកជាមួយស្រាប។ សូមជម្រាបជូនថា សហគមន៍កសិកម្ម ឬក្រុមផលិតដែលនឹងទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទៅតាមការស្នើសុំបន្ទាប់ពីទទួលបានការអនុម័តលើផែនការធុរកិច្ចដោយគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត។